នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី រួមដំណើរជាមួយលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មនិងសហការី ចុះត្រួតពិនិត្យផលិតកម្មដំណាំស្រូវដើមរដូវវស្សា នៅក្នុងស្រុកអូររាំងឪនិងស្រុតត្បូងឃ្មុំ។ ក្នុងពេលចុះត្រួតពិនិត្យតាមទីតាំងនីមួយៗ ក៏មានការចូលរួមពីមន្ត្រីកសិកម្មស្រុក អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាកសិករមួយចំនួនផងដែរ។ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ក៏បានស្វែងយល់អំពីបញ្ហាជួបប្រទះ និងផ្តល់អនុសាសន៍ណែនាំដល់កសិករ ជាពិសេសបានជំរុញការដាំដុះស្រូវស្រាលមិនប្រកាន់រដូវឱ្យបានទាន់រដូវ និងច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិក្នុងពេលជំងឺ កូវីដ១៩ កំពុងរីករាលដាលនៅក្នុងពិភពលោក។ គួរកត់សម្គាល់ថា ឆ្នាំនេះទឹកភ្លៀងបានបង្អុរមកលឿនជាងឆ្នាំមុន ហើយកសិករក្នុងខេត្តត្បូងឃ្មុំ ក៏បានចាប់ផ្តើដាំដុះស្រូវបង្កើនរដូវ លឿនជាងបណ្តាឆ្នាំមុនៗដែរ។ ជាទូទៅ ដំណាំស្រូវក្នុងខេត្តត្បូងឃ្មុំ មានការលូតលាស់ល្អ ប៉ុន្តែមាននៅតំបន់ដីខ្ពស់មានដុះស្មៅច្រើនក្នុងស្រែ ដោយសារកសិករមិនទាន់បានបាញ់ថ្នាំកម្ចាត់ស្មៅ ដោយរង់ចាំទឹកភ្លៀងគ្រប់គ្រាន់សិន ហើយក្រុមការងារបានផ្តល់អនុសាសន៍ដល់កសិករឱ្យកម្ចាត់ស្មៅក្នុងស្រែឱ្យបានទាន់ពេលវេលា និងសាកល្បងប្រើប្រាស់ទឹកក្រោមដីសម្រាប់ជួយសង្គ្រោះក្នុងពេលជួបប្រទះគ្រោះរាំងស្ងួត ដោយដកស្រង់បទពិសោធន៏ពីកសិករក្នុងខេត្តព្រៃវែង។ ចុងក្រោយលោកប្រធាននាយកដ្ឋាន ក៏បានជម្រាបជូនបងប្អូនប្រជាកសិករអំពីស្ថានភាពតម្លៃស្រូវនិងអង្ករនៅពេលនេះគឺកើនឡើងដោយសារតម្រូវការកើនឡើងនៅទីផ្សារអន្តរជាតិ ហើយថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកឱ្យមានការនាំចេញអង្ករសផងដែរ។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃុំ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ខេត្តត្បូងឃ្មុំ សម្រេចការដាំដុះបាន ១៩ ៩៤៥ហ.ត ក្នុងនោះស្រូវស្រាលចំនួន ៤ ៨៦០ហ.ត ស្រូវកណ្តាលចំនួន ៩ ១២០ហ.ត និងស្រូវធ្ងន់ចំនួន ៥ ៩៦៥ហ.ត ស្មើនឹង២៥.៧៨% នៃផែនការដាំដុះសរុប ៧៧ ៣៨០ហត ។