ថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចុះពិនិត្យនិងដកស្រង់បទពិសោធន៍ពីការចិញ្ចឹមមាន់ស្រែ របស់លោក ផុន សេងឌី នៅភូមិប្រាសាទ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានទ្រុងចិញ្ចឹមមាន់ស្រែទំហំ ១២ម×១៨ម ធ្វើអំពីដែក និងកំពុងចិញ្ចឹមមាន់ស្រែយកសាច់និងកូន ចំនួន ១៩៨ក្បាល ក្នុងនោះមាន់មេពូជចំនួន ១៨០ក្បាល មាន់ឈ្មោលចំនួន ១៨ក្បាល។ មកដល់នឹងពេលនេះ លោក ឌី លក់បានកូនមាន់សរុបប្រមាណជាង ២ ០០០កូន និងមាន់សាច់សរុបប្រមាណ ៥០០គ.ក្រ។ លោក ឌី មានគម្រោងបន្តពង្រីកបន្ថែមទៀតនាថ្ងៃខាងមុខ ដោយលោកសង្កេតឃើញថា បច្ចុប្បន្ននេះ តម្រូវការទីផ្សារមាន់ស្រែ មានច្រើនកំណើន តាមរយៈអ្នកប្រមូលទិញចល័តក្នុងស្រុក កសិករទិញកូនយកទៅចិញ្ចឹមផ្ទាល់ ក៏ច្រើន។ ចំពោះបងប្អូនមានបំណងចង់ទិញមាន់សាច់ និងកូនមាន់យកទៅចិញ្ចឹម សូមទំនាក់ទំនងតាមលេខទូរស័ព្ទរបស់លោកផ្ទាល់ក៏បានគឺលេខ 090 255 255 ឬ 077 998 857។ លោក ផុន សេងឌី បានរៀបរាប់ថា លោកចាប់ផ្តើមមុខរបរចិញ្ចឹមមាន់ស្រែនេះនៅឆ្នាំ២០១៨ ដែលបានរៀនសូត្របទពិសោធន៍ពីលោកស្រី ពុធ សុជា ជាកសិករទទួលបានជ័យលាភី ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីឆ្នាំ២០១៧។ លោក ឌី បានបង្ហាញពីការពេញចិត្តនឹងការចិញ្ចឹមមាន់ថាជាសេចក្តីស្រឡាញ់និងប៉ងប្រាថ្នាជាយូរមកហើយ ដែលជាក់ស្តែងមកដល់ពេលនេះ ធ្វើឲ្យគាត់មើលឃើញពីភាពជោគជ័យនិងមានមហិច្ឆិតា ពង្រីកបន្ថែមទៀតនាពេលខាងមុខ។ លោក ឌី បានបង្ហាញពីបទពិសោធន៍ដែលបណ្តាលឲ្យទទួលបានជោគជ័យនេះលើកត្តា ៥ ដូចជា ៖
១-ការរៀបចំទ្រុង បណ្តោយថ្ងៃ ឲ្យពន្លឺចូលបានគ្រប់គ្រាន់
២-ការជ្រើសរើសពូជមេបា ក៏ដូចជាកូនមាន់ ដែលមានសុខភាពល្អ រឹងមាំមិនមានជំងឺ ពូជមាន់ដែលផ្តល់ការលូតលាស់លឿន ព្រមទាំងចាក់វ៉ាក់សាំង ការពារជំងឺគ្រប់គ្រាន់តាមបច្ចេកទេស
៣-ការថែទាំឲ្យបានដិតដល់ ព្រឹកល្ងាច ដោយការយកចិត្តទុកដាក់
៤-ការអនុវត្តវិធានជីវសុវត្ថិភាពជាប្រចាំ បាញ់សម្លាប់មេរោគទៀងទាត់
៥-ការផ្សំចំណីដោយខ្លួនឯង ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាពិសេស។ ជាក់ស្តែងជាបទពិសោធន៍ផ្សំចំណីរបស់លោក ឌី ផ្ទាល់ ការផ្សំចំណីសម្រាប់ចិញ្ចឹមមាន់សាច់អាយុចាប់ពី២១ថ្ងៃឡើងទៅ ដើម្បីបានចំណីស្រស់ ៩គ.ក្រ ត្រូវប្រើសមាសធាតុផ្សំដូចខាងក្រោម ៖
-ពោតកិន ២គ.ក្រ
-កន្ទក់ ១,៥គ.ក្រ
-ចុងអង្ករ ០,៥គ.ក្រ
-ម៉្សៅត្រី ០,៥គ.ក្រ
-អំបិល ១ខាំ
-ស្ក ០,៥ខាំ
-ចំណីសម្រេច ២គ.ក្រ
-ប្រភេទបន្លែបន្ថែម ៣គ.ក្រ
-លាយជាមួយទឹកស្អាត ៣លីត្រ
ច្របល់ចូលគ្នាឲ្យសព្វ ទើបយកទៅដាក់ឲ្យមាន់ស៊ីភ្លាមៗតែម្តង។ សូមបញ្ជាក់ថា ចំណីផ្សំនេះ មិនអាចទុកយូរបានទេ ក្រែងជូរ ផ្អូម ដែលបណ្តាលឲ្យមាន់ឈឺ។ ការធ្វើបែបនេះ សាច់មាន់មានរសជាតិឆ្ងាញ់ សុវត្ថិភាព គ្មានមេរោគ សាច់មានគុណភាព និងកាត់បន្ថយចំណាយលើចំណីពីក្រុមហ៊ុនបានមួយចំណែក។ដោយឡែកសម្រាប់កូនមាន់អាយុតិចជាង២១ថ្ងៃ ត្រូវប្រើចំណីសម្រេច(ចំណីក្រុមហ៊ុន)ដែលទិញមកពីផ្សារស្រាប់។
ទន្ទឹមនឹងភាពជោគជ័យនេះដែរ មន្ត្រីជំនាញបសុព្យាបាល បានផ្តល់ការណែនាំតម្រង់ទិសបន្ថែមដូចតទៅ ៖
-គួរធ្វើរបាំងខណ្ឌពីផ្លូវសាធារណៈ ដើម្បីជាសវៀងការចម្លងជំងឺ
-គួរពង្រីកបន្ថែមទៀតឲ្យបានឆាប់ ដើម្បីបង្កើនកូនមាន់ សាច់មាន់ឲ្យបានច្រើន ឆ្លើយតបតម្រូវការកូនមាន់និងសាច់មាន់ របស់ទីផ្សារ
-ត្រូវពង្រីកការដាំបន្លែ ដើម្បីបង្កើនចំណូលបន្ថែមនិងកម្ទេចកំទីបន្លែ យកមកធ្វើជាចំណីមាន់
-ទោះយ៉ាងណា ការចងក្រងជាក្រុមឬសហគមន៍ ចិញ្ចឹមមាន់ មានសារៈសំខាន់ណាស់ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងការផ្គត់ផ្គង់ទៅអ្នកប្រមូលទិញឲ្យមានជាប្រចាំ រក្សានិរន្តរភាពទីផ្សារនិងតម្លៃល្អប្រសើរ។