ចុះពិនិត្យការដាំបន្លែរបស់កសិករ គង់ ណារិន នៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ០៧ ឧសភា ២០២០
243

រសៀលថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទីព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចុះពិនិត្យការដាំបន្លែរបស់កសិករ គង់ ណារិន នៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លើផ្ទៃដី ៣០អារ (ម្រះ ១៥អារ និង ត្រសក់ ១៥អារ) ដែលក្នុងការដាំដំណាំទាំងពីរមុខនេះ គាត់បានប្រើកម្លាំងពលកម្មពីរនាក់ប្តីប្រពន្ធតែម្តង។ គាត់បានចាប់មុខរបរដាំបន្លែរយៈពេល ៣ឆ្នាំហើយ ដោយដាំប្តូរវេនគ្នា ត្រសក់ ម្រះ សណ្តែកកួរ ស្ពៃក្ងោក។
   ម្រះ ដាំបានរយៈពេល ៤០ថ្ងៃហើយ ហើយចាប់ផ្តើមប្រមូលផលរះជើង បាន ២ថ្ងៃ មួយថ្ងៃ ៦០គីឡូក្រាម លក់ឲ្យអ្នកប្រមូលទិញចល័តពីផ្សារសួង បានតម្លៃ ១ ៧០០៛/គក្រ ហើយសង្ឃឹមថា ដល់ពេញបន្ទុកប្រមូលផលអាចបានក្នុងរង្វង់ ២០០គក្រ/ថ្ងៃ។ បង គង់ ណារិន បន្តថា ទន្ទឹមគ្នាដាំម្រះនេះ នៅចន្លោះរងម្រះ គាត់ ស្ពៃក្ងោក ប្រើរយៈពេល ២៧ថ្ងៃ ប្រមូលផលបាន ៧០០គក្រ លើផ្ទៃដី ១៥អារនេះ លក់បានតម្លៃ ១ ២០០៛/គក្រ ដែលអាចបានចំណូលខ្លះ ហើយស្ពៃនេះក៏ជារបាំងទប់ស្កាត់សត្វល្អិតចង្រៃមួយចំនួនផងដែរ។
   ត្រសក់ ដាំរយៈពេល ២០ថ្ងៃហើយ។
   បង គង់ ណារិន បានបន្តទៀតថា ក្នុងការដាំកន្លងមកនេះ ក៏ជួបបញ្ហាមួយចំនួនដែរ ដូចជា រុយស កើតមានពេលបន្លែនៅតូច ស្រាំងអុចផ្លែ ពេលចេញក្តិប និងតម្លៃធ្លាក់ចុះ ដោយសារជាន់គ្នា ខ្វះទឹកស្រោចស្រព តម្លៃភ្លើងអគ្គិសនីខ្ពស់។
   ជាដំណោះស្រាយ ៖
-រុយស ប្រើថ្នាំបណ្តេញ និងការសម្អាតស្លឹកនិងខ្នែងនៅផ្នែកគល់ដើម(បំផ្លាញសំបុកសត្វល្អិត និងរក្សាសារធាតុចិញ្ចឹមសម្រាប់ផ្នែកដើមខាងលើ)
-ស្រាំង គឺប្រើស្នេហ៍ស្រាំង ដែលដាក់នៅជុំវិញចម្ការ ឃ្លាតយ៉ាងហោច ៣០ម ពីដំណាំ យើងមិនអាចដាក់ក្នុងចម្ការបានទេ
-តម្លៃជាការលំបាក ព្រោះនៅពេលឃើញដាំអីបាន ចេះតែនាំគ្នាដាំដូចគ្នាដល់ពេលប្រមូលផលលើសពីគេចង់បាន តែមិនដែលសល់ចោលនោះទេ
-ទឹក ត្រូវជីកអណ្តូងបន្ថែម តែអស់លុយច្រើនដោយសារជ្រៅនិងមានថ្ម ហើយប្រើម៉ូទ័របូមអស់ភ្លើងច្រើន។
   ជាការតម្រង់ទិសបន្ថែម លោកប្រធានមន្ទីរ បានណែនាំ ៖
-ប្រើប្រព័ន្ធស្រោចស្រពទុយោសាចដែលអាចសន្សំសំចៃទឹកបានខ្លះ
-ត្រូវប្រើយន្តការក្រុមបន្លែដែលមានស្រាប់ ពិភាក្សាគ្នាដាំទាំងប្រភេទពូជនិងពេលវេលា
-ក្រុមត្រូវអញ្ជើញអ្នកប្រមូលទិញចល័តមកពិភាក្សាអំពីតម្រូវបន្លែ ទាំងប្រភេទពូជ បរិមាណ ពេលវេលាណាខ្លះ និងការធ្វើកិច្ចសន្យាដាំនិងផ្គត់ផ្គង់។

ចំនួនអ្នកចូលទស្សនា
Flag Counter