នាព្រឹកថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចុះពិនិត្យការចិញ្ចឹមត្រីអណ្តែង របស់លោក ហ៊ាន់ សុធី នៅភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ដែលបានចិញ្ចឹមត្រីអណ្តែងក្នុងអាងប្លាស្ទិកចំនួន ១៣ស្រះ មានទំហំ ៨មx៣ម ចំនួន ៤ស្រះ ដោយដាក់ត្រីចិញ្ចឹមអណ្តែងកូនកាត់ចំនួន ១៥គក្រ ក្នុង ១ស្រះ ដែលក្នុង ១គក្រ មានកូនត្រីចំនួន ១៤៥ក្បាល និងស្រះទំហំ ៥មx៣ម ចំនួន ៩ស្រះ ដោយដាក់ត្រីចិញ្ចឹមត្រីអណ្តែងកូនកាត់ចំនួន ១០គក្រ ក្នុង ១ស្រះ ដែលក្នុង ១គក្រ មានកូនត្រីចំនួន ២១៥ក្បាល។ ក្រៅពីនេះលោក ហាន់ សុធី ក៏បានចិញ្ចឹមកង្កែប ចំនួន ២ ០០០ក្បាលក្នុងអាងចំនួន ២ ផងដែរ។ ការចិញ្ចឹមត្រីក្នុងអាងប្លាស្ទិច សាមញ្ញ ងាយ ប្រើទីធ្លាដីតូច តែអាចទទួលបានចំណូលបន្ថែម តែសុំអនុវត្តឲ្យបានត្រឹមតាមបច្ចេកទេស។
លោក ហាន់ សុធី បានប៉ាន់ស្មានថា ត្រីអណ្តែង នឹងអាចប្រមូលផលនៅក្នុងខែឧសភា ឬ មិថុនា ខាងមុខដោយសង្ឃឹមថា អាចនឹងប្រមូលត្រីបានប្រមាណ ២,៥តោន។
ចំពោះបងប្អូនដែលចង់ទិញត្រីអាចទាក់ទងលោក ហ៊ាន់ សុធី តាមលេខទូរស័ព្ទលេខ ០១២ ៣៥៤ ០៥៩។
នាព្រឹកថ្ងៃពុធដដែលនេះ លោកប្រធានមន្ទីរ និងសហការី បានបន្តចុះពិនិត្យការចិញ្ចឹមត្រីប្រា របស់លោក ហាក់ គន្ធា នៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយស្រះចិញ្ចឹមរបស់គាត់មានចំនួន ៣ស្រះ ៖
-ស្រះទី១ មានទំហំ ២០មx១០ម ជម្រៅទឹក ២ម ដាក់ត្រីចិញ្ចឹមប្រាចំនួន ៣០០០កូន ដោយត្រីមានអាយុ ៤៥ថ្ងៃ
-ស្រះទី២ មានទំហំ ២០មx១០ម ជម្រៅទឹក ២ម ដាក់ត្រីចិញ្ចឹមប្រាចំនួន ៥០០កូន ដោយត្រីមានអាយុ ១០៥ថ្ងៃ
-ស្រះទី៣ មានទំហំ ៣០មx៨ម ជម្រៅទឹក ២ម ដាក់ត្រីចិញ្ចឹមត្រីប្រាចំនួន ៥០០កូន ដោយត្រីមានអាយុ ១០៥ថ្ងៃ។
ក្នុងឱកាសនោះ មន្ត្រីជំនាញជលផល បានផ្តល់ការណែនាំតម្រង់ទិសបន្ថែម ៖
-ការរៀបចំស្រះ ត្រូវឲ្យមានពន្លឺថ្ងៃចូលគ្រប់គ្រាន់
-ការជ្រើសរើសយកពូជត្រីចិញ្ចឹម ត្រូវមានប្រភពច្បាស់លាស់ ជៀសវាងត្រីមានជំងឺ ត្រីក្រិន ត្រីមានមេបាជាន់ឈាម ដែលអាចប៉ះពាល់ផ្តល់កម្រិតលូតលាស់របស់ត្រី
-ប្រើប្រាស់ចំណីមានគុណភាព មានប្រូតេអ៊ីនទៅតាមអាយុរបស់ត្រី ដើម្បីជំរុញការធំធាត់បានល្អ
-ត្រូវឧស្សាហ៍ពិនិត្យគុណភាពទឹក វាស់កម្រិតpH និងភាពក្រខ្វក់នៃទឹក ហើយត្រូវធ្វើការប្តូរចេញនៅពេល ទឹកប្រែ ពណ៌ឬក្លិនមិនល្អ ដោយរក្សាទុកទឹកក្នុងកម្រិត១/៣ នៅពេលប្តូរម្តងៗ ហើយបញ្ចូលទឹកស្អាតមកវិញ
-ទន្ទឹមនឹងការចិញ្ចឹមត្រី គួរដាំដុះប្រភេទបន្លែ ដើម្បីបង្កើនចំណូលបន្ថែមនិងកម្ទេចកំទីបន្លែ យកមកធ្វើជាចំណី របស់ត្រី កាត់បន្ថយចំណាយលើចំណីគ្រាប់។
សូមជម្រាបថា កសិករទាំងពីររូប ជាសមាជិកបណ្តុំកសិករចិញ្ចឹមត្រី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រថវិកា ដោយ IFAD អនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។