ចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់កសិករ
ចេញ​ផ្សាយ ២០ មេសា ២០២០
207

ថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់កសិករ ២គ្រួសារ៖
    ១-ចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់កសិករ យី យៀត នៅភូមិថ្នល់ថ្មី សង្កាត់សួង ក្រុងសួង ដែលផ្តល់ជូនពីគម្រោងជំរុញផលិតកម្មស្បៀង តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលកម្ពុជា។ ទទួលបានផ្ទះសំណាញ់ គាត់ដាំបន្លែបានពីរដងរួចមកហើយ លើកទី១ ដាំខាត់ណាដើម បានផល ៤០០គីឡូក្រាម លើកទី៣ គ្រោងដាំស្ពៃក្រញាញ់ម្តង។
    ២-ចុះពិនិត្យការដាំបន្លែរបស់កសិករ ហាន សុខមឿន នៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ លើផ្ទៃដីប្រមាណ ៤០អារ រួមមានក្នុងផ្ទះសំណាញ់ ផ្តល់ជូនដោយគម្រោងជំរុញផលិតកម្មស្បៀងនិងដាំនៅផ្នែកខាងក្រៅផ្ទះសំណាញ់។ ទទួលបានផ្ទះសំណាញ់ គាត់ដាំលើកទី១ ស្ពៃក្រញាញ់ ទទួលផលបាន ៦០០គីឡូក្រាម និងលើកទី២នេះ ដាំឆៃថាវ។ ដោយឡែកនៅផ្នែកខាងក្រៅ គាត់បានដាំត្រសក់ចំណារ ត្រកួន ផ្ទី ដែលកំពុងប្រមូលផលនិងឆៃថាវ។ ការដាំត្រកួននិងផ្ទី អនុវត្តតាមលក្ខណៈបណ្តាក់គ្នា ធ្វើឲ្យគាត់អាចប្រមូលលក់បានលើមុខដំណាំទាំងបីមុខ ពី១០០ ០០០៛-១៥០ ០០០៛ ជារៀងរាល់ថ្ងៃ។
តាមការរៀបរាប់របស់កសិករទាំងពីរនាក់ពីអត្ថប្រយោជន៍ផ្ទះសំណាញ់នៅដំណាក់កាលនេះដូចគ្នា គឺ ទប់ទល់ការរលួយដោយសារទឹកភ្លៀង ទប់ស្កាត់សត្វល្អិតចង្រៃមួយចំនួន ដែលមិនត្រូវការប្រើថ្នាំពុលសត្វល្អិត កាត់បន្ថយការប្រើប្រាស់ទឹក។ ចំណុចអវិជ្ជមាន ក្តៅហប់ ពេលថ្ងៃ។ ទោះបីយ៉ាងណា ផ្ទះសំណាញ់ ល្អសម្រាប់ការដាំបន្លែ តែសូមអតិថិជន ផ្តល់គុណតម្លៃដល់កសិផលរបស់គាត់ផង។
    ជាការក្រើនរំឮកលោកប្រធានមន្ទីរបានតម្រង់ទិសបន្ថែម ៖
១-ក្នុងពេលតែមួយ ដាំដំណាំឲ្យបាន ២-៣ប្រភេទ។ តែបើដាំដំណាំតែមួយប្រភេទ ត្រូវដាំបណ្តាក់គ្នា ដើម្បីឲ្យការប្រមូលផល បន្តបន្ទាប់
២-ជិតដល់ពេលប្រមូលផល ត្រូវផ្តល់ព័ត័មានមក មន្ទីរកសិកម្ម ដើម្បីជូនព័ត័មានបន្តទៅអ្នកបញ្ជាទិញបន្លែសុវត្ថិភាព ដែលទទួលបានតម្លៃប្រសើរជាង
៣-ត្រូវព្យាយាមដោយខ្លួនឯង ប្រកាសលក់កសិផលតាមបណ្តាញព័ត័មានទីផ្សារកសិផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (CamAgriMarket)
៤-ត្រូវផ្តល់ព័ត័មានបន្ទាន់មកមន្ត្រីកសិកម្មនៅពេលដំណាំមានការប្រែប្រួលដោយកត្តាណាមួយជាយថាហេតុ តាមទូរស័ព្ទលេខ 088 9 555 332 ឬតាមផេក ហ្វេសប៊ុក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter