ចុះពិនិត្យការចិញ្ចឹមគោយកកូន និងបំប៉នយកសាច់ របស់លោក ហួត លាង នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ
ចេញ​ផ្សាយ ១៧ មេសា ២០២០
231

    រសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ដដែលនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ  បានដឹកនាំសហការី បានបន្តចុះពិនិត្យការចិញ្ចឹមគោយកកូន និងបំប៉នយកសាច់ របស់លោក ហួត លាង នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ។
    លោក ហួត លាង បានបញ្ជាក់ថា ការចិញ្ចឹមគោរបស់គាត់បានចាប់ផ្តើមពីគោ ៧ក្បាល នៅឆ្នាំ ២០១៣ កើនដល់ ៣៨ក្បាល នៅឆ្នាំ២០១៦ ដោយចិញ្ចឹមលែងឲ្យស៊ីស្មៅនៅទីវាល។ ការ ចិញ្ចឹមបែបនេះ គោ មិនសូវធំ តែងតែឈឺមិនឈប់ និងមិនសូវបានលក់ទេ បន្ទាប់ពីមន្ត្រី ជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
បានចុះណែនាំនិងផ្តល់បច្ចេកទេសចិញ្ចឹមគោក្នុងក្រោលជាបន្តបន្ទាប់ ដោយ មិនលែងឲ្យគោស៊ីស្មៅតាមទីវាលដូចមុននោះមក ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន គោរបស់គាត់កើនជាង ២០០ក្បាល សម្រាប់លក់មានទាំងគោសាច់និងគោមេយកកូន ហើយពង្រីកបានក្រោល ២ខ្នង ព្រមទាំងមានរោងរក្សាទុកចំបើង ដែលប្រមូលរមូជាដុំៗ ពីវាលស្រែ ចន្លោះពីខែធ្នូដល់ខែមេសា ដោយប្រើឧបករណ៍សម្រាប់ប្រមូលនិងរមូចំបើងដែលបានទិញពីក្រៅប្រទេស។
    លោក ហួត លាង បានដាំដុះស្មៅចំនួន ២ហិកតា សម្រាប់លាយជាមួយចំបើង និងកាកសំណល់ស្រាបៀរ ហើយមានផែនការពង្រីកដីដាំស្មៅឲ្យបាន ៦ហិកតា នៅឆ្នាំនេះ។ ក្នុង១ថ្ងៃ គាត់ឲ្យគោស៊ីចំណី ២ដង និងងូតទឹកលាងសម្អាតខ្លួនគោ ២ទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីឲ្យគោត្រជាក់ខ្លួន មានអារម្មណ៍ល្អ ដែលធ្វើឲ្យវាស៊ីចំណីបានច្រើន ឆាប់ធំធាត់។
ចំពោះទីផ្សារ គឺល្អប្រសើរ ដោយមានការបញ្ជាទិញជារៀងរាល់ថ្ងៃ មិនគ្រប់តាមតម្រូវការនោះទេ។
    ក្នុងឱកាសនោះលោកប្រធានមន្ទីរបានផ្តល់ការណែនាំតម្រង់ទិសបន្ថែម ៖
-សុំរៀបចំកសិដ្ឋានចិញ្ចឹមគោ ឲ្យបានកាន់តែប្រសើរតាមលក្ខណៈបច្ចេកទេសទំនើប
-នៅជុំវិញនិងក្នុងកន្លែងចិញ្ចឹម ត្រូវរៀបចំឲ្យបានស្អាត មានអនាម័យ
-ត្រូវជ្រើសយកគោចិញ្ចឹមដែលផ្តល់សាច់ច្រើន ជាពិសេសការបង្កាត់គោមេបែបសិប្បនិម្មិត ដោយប្រើគោពូជសាច់ច្រើន ដូចជាពូជប្រាម៉ាន់ ជាដើម
-ត្រូវឲ្យមានបច្ចេកទេសបង្កាត់គោតាមបែបសិប្បនិម្មិត ដើម្បីបម្រើក្នុងកសិដ្ឋានខ្លួនឯងផងនិងជួយផ្សព្វផ្សាយ ឬ ជួយបង្កាត់គោតាមបែបសិប្បនិម្មិតជូនកសិករក្នុងភូមិជាមួយគ្នាផង។

ចំនួនអ្នកចូលទស្សនា
Flag Counter