រសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះពិនិត្យដំណាំខ្ទឹមស្លឹក និងជួបសំណេះសំណាល ជាមួយ កសិករចំនួន ១៣នាក់ (ស្រី ០៣នាក់) នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ។
តាមការបញ្ជាក់របស់កសិករ បានឲ្យដឹងថាសព្វថ្ងៃ ខ្ទឹមស្លឹកមានតម្លៃ ៨០០រៀល/គ.ក្រ ដែលនៅតំបន់នេះ មានកសិករដាំខ្ទឹមស្លឹកនេះប្រមាណ១២ហិកតា នឹងកំពុងរងការបំផ្លាញពីពពួកដង្កូវហ្វូងប្រមាណ ៥%។
ឆ្លើយតបទៅនឹងបញ្ហាដង្កូវហ្វូងនេះ មន្ត្រីជំនាញបានណែនាំបច្ចេកទេសមួយចំនួនដូចជា៖
-ប្រើប្រាស់អន្ទាក់ទាក់ទាញ នៅពេលយប់
-សម្អាតកាក់សំណល់ដំណាំពីរដូវមុន(ដុតសម្អាត ភ្ចួររាស់ហាលដី ភ្ចួរត្រឡប់យ៉ាងតិច ២ទៅ៣ដង)
- ប្រើប្រាស់ថ្នាំជីវសាស្រ្ត Bt ( Bacillus thuringiensis) នៅដំណាក់កាលដង្កូវនៅតូច
-ប្រើប្រាស់ទុយោសាច ស្រោចទឹកពេលព្រលប់ និងព្រលឹម ដើម្បីរំខានសកម្មភាព មេអំបៅ រាត្រី ដង្កូវហ្វូងបន្តពូជ និងទម្លាក់ពង
-អនុវត្តការធ្វើពិពិតធកម្មដំណាំចម្រុះ ( ដំណាំបង្វិលនិងដំណាំឆ្លាស់) រវាងដំណាំខ្ទឹមស្លឹក និងពពួកបន្លែផ្សេងទៀត នៅរដូវវស្សានេះ ជៀសវាងការអនុវត្តឯកវប្បកម្មតែដំណាំខ្ទឹម ស្លឹកលើដីដដែលៗ ដែលងាយរងការបំផ្លាញពីពពួកសត្វល្អិតនិងជំងឺផ្សេងៗ
-ទន្ទឹមនោះ កសិករ ត្រូវចងក្រងជាក្រុមផលិតកម្មបន្លែ ហើយរៀបចំផែនការដាំដុះ ទាំងប្រភេទដំណាំ ទំហំផ្ទៃដី ពេលវេលាដែលត្រូវបណ្តាក់គ្នា ហើយឆ្លើយតបតម្រូវការ របស់ទីផ្សារ។ ការចងក្រុម ឬ សហគមន៍ នោះ កសិករនឹងទទួលបាននូវផលប្រយោជន៍ ច្រើន។