ពិនិត្យការងារបង្កបង្កើនផល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដល់ប្រជាកសិករ នៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ០៨ មេសា ២០២០
199

     ព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យការងារបង្កបង្កើនផល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដល់ប្រជាកសិករ នៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ឃុំព្រែកអាជី មានផ្ទៃដីដាំដុះដំណាំបន្លែ សរុប៦០ហិកតា កសិករបានដាំដំណាំរួមមាន ត្រសក់ចំណា ត្រប់វែង ពោតស ត្រឡាច ល្ពៅ ឃ្លោក និងប៉េងប៉ោះ។ ដោយឡែកនៅក្នុងខែមេសា ឆ្នាំ២០២០ មានកសិករចំនួន ១០០គ្រួសារ ដែលកំពុងដាំដុះ និងប្រមូលផលបន្លែ លើផ្ទៃដី ១០ហិកតា ហើយអាចផ្គត់ផ្គង់ទៅទីផ្សារបានប្រមាណ ៥ទៅ១០តោនក្នុងមួយថ្ងៃ។ ផែនការដាំដុះបន្លែ នៅខែឧសភា និងខែមិថុនា ខាងមុខផ្ទៃដីដាំដុះអាចកើនដល់ ១៥ហិកតា ដែលមានកសិករផលិត ១៣០គ្រួសារ។
     បញ្ហាប្រឈមដែលកសិករបានជួបប្រទះកន្លងមករួមមាន៖ ខ្វះទឹកស្រោចស្រព សត្វល្អិតចង្រៃ និងជំងឺបំផ្លាញដំណាំ ថ្នាំនិងជីកសិកម្មមានតម្លៃខ្ពស់ កម្លាំងពលកម្មថ្លៃ និងការប្រែប្រួលអាកាសធាតុ (ក្តៅខ្លាំង និងមិនមានភ្លៀងកក់ខែ)។ 
     ចំពោះទីផ្សារកសិផលវិញបច្ចុប្បន្ននេះមិនមានកកស្ទះ ឬជុញនោះទេ។
     ក្នុងឱកាសនោះ មន្ត្រីជំនាញ បានណែនាំបន្ថែមនូវបច្ចេកទេសដាំដុះដូចជា ៖
        -ចុះពិនិត្យ និងវាយតំលៃចំការជាប្រចាំ
        -ការស្រោចស្រព និងការគ្រប់គ្រងទឹកលើដំណាំ
        -ការគ្រប់គ្រងស្មៅចង្រៃ (អត្ថប្រយោជន៍នៃការប្រើប្រាស់កៅស៊ូប្លាស្ទិច ឬបចំបើងគ្របរងដំណាំ)
        -ការគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំ
        -ការសំអាតដំណាំចាស់ចេញបន្ទាប់ពីបញ្ចប់ការប្រមូលផល
        -ការគ្រប់គ្រងកាកសំណល់ថ្នាំកសិកម្ម
        -បច្ចេកទេសប្រមូលផល និងការទុកដាក់កសិផលក្រោយពេលប្រមូលផល
        -បច្ចេកទេសរៀបចំដី
        -ការប្រើប្រាស់ជី និងថ្នាំកសិកម្ម ទៅតាមបទដ្ឋានបច្ចេកទេស។
     នៅថ្ងៃដដែលនេះ លោកប្រធានមន្ទីរ និងសហការី បានបន្តចុះពិនិត្យការចិញ្ចឹមត្រីក្នុងបែរ របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPRIE)។

ចំនួនអ្នកចូលទស្សនា
Flag Counter