ព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានបន្តចុះពិនិត្យមើលការប្រមូលផលដំណាំឆៃថាវរបស់កសិករនៅឃុំកំពាន់ ស្រុកមេមត់ ដែលបច្ចុប្បន្នមានផ្ទៃដីដាំដំណាំឆៃថាវ ប្រមាណជាង ១០ហិចតា ដែលចាប់ផ្ដើមប្រមូលផលចាប់ពីដើមខែមេសា នេះតទៅ។
កសិករឈ្មោះ ហួន ហ៊ាន នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ដែលកំពុងដាំលើផ្ទៃដី ៣,៥ហិចតា និងកំពុងតែធ្វើការប្រមូលផលលើ
ផ្ទៃដី ២,៥ហិចតា បានរៀបរាប់ថា គាត់បានដាំដំណាំនេះ រយៈពេល ៣ឆ្នាំមកហើយលើដីដាំម្រេចខូចខាតដោយខ្វះការថែទាំ បន្ទាប់ពីដំណាំម្រេចមានតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ បើយបានប្រើប្រាស់ប្រព័ន្ធស្រោចស្រពដែលបន្សល់ទុកពីម្រេចតែម្តង។ ក្នុងមួយឆ្នាំ គាត់អាចដាំឆៃថាវ ៣ទៅ៤ដង។ ដោយឡែកឆ្នាំនេះ អាចប្រឈមខ្វះទឹកស្រោចស្រព ដោយដើមឆ្នាំនេះ មិនមានភ្លៀងកក់ខែសោះ។ ចំពោះទីផ្សារមិនមានជាបញ្ហាទេដោយនៅពេលឆៃថាវចេញមើមជូនដំណឹងទៅឈ្មួញប្រមូលទិញ ហើយគេមកពិគ្រោះតម្លៃលើចម្ការតែម្តង ហើយអាចចំណេញមួយវគ្គ ប្រមាណ ៧ទៅ ៨លានរៀលក្នុងមួយហិកតា។ បញ្ហាប្រឈមជួបប្រទះកន្លងមកមានដូចជា ទឹក សត្វល្អិតចង្រៃ ថ្នាំនិងជីកសិកម្មប្រឈមអន់គុណភាព ហើយតម្លៃខ្ពស់ ពិបាករកកម្លាំងពលកម្ម ការប្រែប្រួលអាកាសធាតុ(ក្តៅខ្លាំង ត្រជាក់ ខ្យល់ ភ្លៀង មិនទៀងទាត់)។ ឆៃថាវ អ្នកប្រមូលទិញនៅផ្សារសួង ហើយលក់ចែកចាយក្នុងខេត្តនិងក្រៅខេត្ត។ កម្លាំងពលកម្ម ម្នាក់ជាមធ្យម ២៥ ០០០រៀលក្នុងមួយថ្ងៃ។
ក្នុងឱកាសនោះ មន្ត្រីជំនាញ បានណែនាំបន្ថែមនូវបច្ចេកទេសដាំដុះដូចជា ៖
-ក្នុងចម្ការពិនិត្យឃើញវត្តមានពពួកទ្រីប ច្រើន ហេតុនេះ ត្រូវហាលដីឲ្យបានស្ងួតល្អ មុនបន្តដាំវគ្គបន្ទាប់
-ត្រូវប្រើថ្នាំសម្លាប់សត្វល្អិតនិងជី ដែលមានប្រភពពីដេប៉ូលក់ មានច្បាប់អនុញ្ញាតត្រឹមត្រូវ មានការដាក់តាំងលក់សណ្តាប់ធ្នាប់ល្អ មិនឡូកឡំទំនិញអាចបរិភោគបាន និងត្រូវពិនិត្យសុពលភាពប្រើប្រាស់(មិនហួសឌឺឡេ)
-ការដាក់គ្រាប់ដាំ ត្រូវមានជួរត្រង់ល្អ សន្សំសំចៃគ្រាប់ពូជ និងដំណុះត្រង់ជួរ ងាយសម្អាតស្មៅ និងប្រើប្រាស់ថ្នាំ ជី មិនខ្ជះខ្ជាយ
-មុនពេលធ្វើការដាំដុះត្រូវធ្វើការពិភាក្សាជាមួយកសិករជុំវិញតំបន់របស់ខ្លួន ដើម្បីរៀបចំផែនការដាំដុះ និងប្រមូលផលមិនឱ្យជុលគ្នា ជៀសវាងភាពជុញទីផ្សារ
-ពេលមានបញ្ហាជួបប្រទះ កត្តាចង្រៃលើដំណាំសូមទាក់ទងមកមន្ត្រីជំនាញ ដើម្បីជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។