កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចេញ​ផ្សាយ ២៧ មីនា ២០២០
178

ថ្ងៃប្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ      ចុះពិនិត្យនិងវាយតម្លៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា(SOFDEC) ដែលទទួលបានការចុះកិច្ចសន្យារៀបចំបណ្តុំនិងបណ្តុះបណ្តាល ពីអាជីវកម្មចិញ្ចឹមមាន់ស្រុក ពីកម្មវិធី(ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ  ដោយមានអ្នកចូលរួមពីលោកមេភូមិ ប្រធាននិងសមាជិកបណ្តុំសរុប ៣៥នាក់ ក្នុងនោះស្រី ១២នាក់។ 
     បន្ទាប់ពីការរាយការណ៍របស់តំណាងអង្គការនិងការសាកសួរសមាជិកបណ្តុំ ក្រុមការងារកត់សម្គាល់ឃើញថា កសិករបានចូលរួមសហការបានល្អ និងទទួលបាននូវចំណេះដឹងបន្ថែមពីបច្ចេកទេសចិញ្ចឹមមាន់ និងអត្ថប្រយោជន៍នៃការចូលរួមជាបណ្តុំ។ 
     បន្ថែមលើចំណេះដឹងទទួលបាន មន្ត្រីជំនាញបសុព្យាបាល បានធ្វើការណែនាំបន្ថែមដល់សមាជិកបណ្តុំពីបច្ចេសទេសចិញ្ចឹមមាន់ឲ្យបានជោគជ័យ ដែលរួមមានការជ្រើសរើសពូជ ការជ្រើសរើសទីតាំងនិងការសាងសង់ទ្រុងមាន់ ការជ្រើសរើសចំណី វិធានការការពារនិងព្យាបាលជំងឺ និងការភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ ដោយមានការកត់ត្រាចំណូលចំណាយលើផលិតកម្មឲ្យច្បាស់លាស់។
     ក្នុងឱកាសនោះ លោកប្រធានបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលប្រគល់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាកសិករពីបច្ចេកទេសកសិកម្មថ្មី ក្នុងពេលដែលអាកាសធាតុមានការប្រែប្រួល ដែលអាចប៉ះពាល់ដល់ផលិតកម្មដំណាំ សត្វ របស់ប្រជាកសិករ ហើយផ្សារភ្ជាប់ផលិតកម្មទៅកាន់ទីផ្សារ ដែលអាចកាត់បន្ថយកត្តាប្រឈមនានា ជៀសវាងភាពជុញ និងតម្លៃប្រែប្រួលមិនអាចគ្រប់គ្រងបាន។
     ក្នុងឱកាសនោះផងដែរ លោកបានណែនាំ ក្រើនរំឮកដល់សមាជិកបណ្តុំ ចូលរួមជាមួយរាជរដ្ឋាភិបាលនិងផ្សព្វផ្សាយ អនុវត្តវិធានសុខាភិបាលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺបង្កដោយវីរុសកូវីដ-១៩ ដូចជា លាងដៃនឹងទឹកស្អាតជាមួយសាប៊ូជាប្រចាំ មិនត្រូវប្រមូលផ្តុំគ្នា ឬ ជជែកគ្នាក្នុងគម្លាតពីគ្នាតិចជាង១,៥ម សូមប្រើក្រម៉ា ឬ កែងដៃ ខ្ទប់មាត់នៅពេលក្អក ឬ ក្រដាស់ម្តងៗ កុំខាកស្តោះពាស់វាលពាស់កាល ....។

ចំនួនអ្នកចូលទស្សនា
Flag Counter