ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០
លោក ហន អឿន និងលោក សែម សុខា មន្តី្រជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ លោក ណុប ណាង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមេមត់ ចុះបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសផលិតកម្មបន្លែ និងចិញ្ចឹមសត្វ ដល់សម្បទានិក ដែលទទួលបានដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដែលមានអ្នកចូលរួមចំនួន១៦នាក់ ស្រី៩នាក់ នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II)។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីជំនាញបានបង្ហាញពីការដាំដុះដំណាំបន្លែនៅក្នុងផ្ទះសំណាញ់ខ្នាតតូច ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ និងការចិញ្ចឹមមាន់ពូជក្នុងស្រុក។ ជាមួយគ្នានោះដែរ មន្ត្រីជំនាញបានចុះពិនិត្យទីតាំងមួយកន្លែងរបស់ កសិករ ឆន ង៉ាក់ ជាសម្បទានិក ដែលមានដីចំការ និងមានប្រភពទឹកហូរអាចស្តុកទឹកទុកនិងធ្វើការដាំដុះដំណាំបានស្ទើរពេញមួយឆ្នាំនៅក្នុងតំបន់ដីសម្បទាន ដែលជាតំបន់ខ្សត់ទឹកនេះ។ លើសពីនេះទៅទៀត មន្ត្រីជំនាញបានណែនាំឲ្យគាត់រៀបចំដី និងប្រព័ន្ធស្រោចស្រពសម្រាប់ផលិតកម្មបន្លែ ហើយគម្រោងនឹងផ្គត់ផ្គង់បច្ចេកទេសនិងសម្ភារបន្ថែមមួយចំនួនគាត់ក្នុងការអនុវត្តផលិតកម្មបន្លែ។