បទពិសោធន៍ជោគជ័យរបស់កសិករ ភីន ភៀន ស្តីពីការដាំដំណាំត្រសក់ចំណារចុងរដូវវស្សានៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២០
525

          ដំណាំត្រសក់ចំណារ ជាដំណាំបន្លែមួយប្រភេទមានលក្ខណៈជា​វល្លិ៍ដែលអាចដាំបានគ្រប់រដូវកាល ដោយដាំលើក ជារង និងដាក់​ចំណារ ឬ​ទ្រើង។ ដំណាំត្រសក់ចំណារមានអាយុកាលប្រមាណ៣៥ -៥០ថ្ងៃ ចាប់ផ្តើមប្រមូលផល។ ដោយឡែក នៅក្នុង ឃុំល្ងៀង ស្រុកត្បូឃ្មុំ ខេត្តត្បូងឃ្មុំ កសិករមានការដាំដុះប្រមានណពី២៥-៣០ភាគរយ នៃផ្ទៃដីដាំដុះបន្លែ ភាគច្រើន កសិករនិយមដាំដុះប្រភេទពូជស្រាលដែលត្រូវប្រមូលផលក្រោយពេលដាំរយៈពេល ៣០-៣៥ថ្ងៃ។

          ខាងក្រោមនេះជាបទពិសោធន៍ជោគជ័យរបស់កសិករ ភីន ភៀន ក្នុងការអនុវត្តដាំដុះដំណាំត្រសក់ ចំណារនៅចុង រដូវវស្សា លើផ្ទៃដី២០អារ ក្រុមដីកំពង់សៀមមានគ្រោះ នៅក្នុងភូមិ ស្មោញ ឃុំល្ងៀង ស្រុកត្បូឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីចែក រំលែក បទពិសោធន៍ ទាំងនេះដល់កសិករដាំ និងមានបំណង ដាំដុះ ដំណាំត្រសក់ចំណារ ឲ្យទទួលបានជោគជ័យ។

          ក្នុងការដាំដុះដំណាំត្រសក់ចំណារកសិករ ភីន ភៀន បានបង្ហាញថា សំខាន់ត្រូវរៀបចំដីឲ្យបានស្អាតល្អដោយ ភ្ជួរដីចំនួន២ដង។ ភ្ជួរលើកទី១ត្រូវហាលដីឲ្យបាន៧ថ្ងៃដើម្បីសម្លាប់​​មេរោគ​ និងសត្វល្អិតចង្រៃផ្សេងៗនៅ​ក្នុង​ដី​ និង សម្អាតស្មៅឲ្យបានស្អាត។ បន្ទាប់​ហាល​ដី ៧​ថ្ងៃ កសិករ ភីន​ ភៀន បានភ្ជួរត្រឡប់ដី និងរាស់សម្អាតស្មៅជាលើកទី២ និង​ចាប់​ផ្តើម​ឆូតផ្គុំ​ជា​រងកម្ពស់០,២៥ម ទទឹងរង១ម និងបណ្តោយ៤០ម ដោយប្រើជីលាមកគោ ០,៥គក្រ និងកែងៗ១៥-១៥-១៥ ចំនួន៧,៥ក្រាម សម្រាប់ទ្រាប់បាទក្នុងមួយរណ្តៅ ហើយគ្របកៅស៊ូប្លាស្ទីកដោយយកពណ៌ទឹកប្រាក់ឡើងលើ។

          គាត់​ប្រើប្រាស់​គ្រាប់​ពូជ​ត្រសក់​ទិញ​ពី​ផ្សារ ក្រុមហ៊ុន អ៊ីស្វេសស៊ីដ​ មានសញ្ញាព្រួញបុក និងមានរូបផ្លែត្រសក់៨ ដោយយកគ្រាប់ពូជទៅត្រាំទឹកក្តៅ​ឧណ្ឌៗប្រមាណ២០នាទី ហើយយកទៅត្រាំទឹកស្អាតរយៈពេល៨ម៉ោង ហើយផ្អាប់ រយៈពេល២៤ម៉ោង(បែកមាត់ចាប) បន្ទាប់គាត់យកទៅដាំនៅក្នុងរណ្តៅដែលបានរៀបចំ បន្ទាប់គាត់យកទៅដាំនៅក្នុង រណ្តៅ ដែលមានចន្លោះគុម្ព៥០x៦០ស.ម ដោយដាំមួយរណ្តៅចំនួន២គ្រាប់។

          បន្ទាប់ពីដាំបានរយៈពេល ២​សប្តាហ៍ ត្រូវ​ថែម​ជី អ៊ុយរ៉េ ១០​ក្រាម​ក្នុង​១​គុម្ពកប់​រាក់ៗ ចម្ងាយ​ពី​គុម្ព​ ៥ស.ម។ រយៈពេល៤សប្តាហ៍ ថែម​ជី ១៥-១៥-១៥ ចំនួន២៥​ក្រាម លាយជាមួយ​ជីអ៊ុយរ៉េ ២៥​ក្រាម ក្នុង ១​គុម្ព កប់​រាក់ៗចម្ងាយ    ១​០ស.ម ​ពីគុម្ព​ត្រសក់។ បន្ទាប់ពីដាំ​ត្រសក់​បាន ៥​សប្តាហ៍ ថែម​ជី​ប៉ូតាស្យូម ១៥​ក្រាម​ក្នុង​១​គុម្ព កប់​រាក់ៗ​ចម្ងាយ ១៥​ស.ម ​ពី​គុម្ព។ដាំ​បាន​ពី៦​សប្តាហ៍និងសប្តាហ៍ទី៨​ថែម​ជី១៥-១៥-១៥ចំនួន២៥​ក្រាម​ទៀត។​ ចំពោះការសម្អាតស្មៅក្នុងនិង ជុំវិញ ចម្ការ កសិករ ភីន ភៀន ធ្វើជាប្រចាំ។ ការស្រោចស្រព កសិករ ភីន ភៀន បានប្រើប្រាស់ទឹកអណ្តូង ដោយប្រើប្រព័ន្ធ ទុយោ ដំណក់ និងទុយោបាចសាចដោយស្រោចចំនួន២ដងក្នុងមួយថ្ងៃ ពេលព្រឹកវេលាម៉ោង៧ព្រឹក និងពេលល្ងាចវេលា ម៉ោង៤: ៣០នាទី និងត្រូវកាត់ស្លឹកចាស់ៗផ្នែកក្រោម និងខ្នែងចេញខ្លះនៅកន្លែងដែលក្រាស់ចេញ ។

          នៅក្នុងការដាំដុះដំណាំត្រសក់ចំណារ កសិករ ភីន ភៀន បានជួបបញ្ហាដូចជា សត្វអណ្តើកមាស ស្រមោច រុយស និងដង្កូវស៊ីត្រួយ។ បញ្ហានេះគាត់មានដំណោះស្រាយ ចំពោះសត្វល្អិតគាត់បានប្រើប្រាស់វិធីសាស្ត្រកម្ចាត់ដោយមេកានិក និងប្រើប្រាស់ថ្នាំគីមីដែលមានធាតុសកម្មAbamectin ​។

          ការប្រមូលផលធ្វើឡើងចាប់តាំងពីដាំបានរយៈពេល៣៥ថ្ងៃ និងបន្តបេះ​រហូតដល់​អស់​ផ្លែ​រយៈពេល ៣៥ថ្ងៃទៀត។ ចំពោះ​ការ​ប្រមូល​ផល​ត្រសក់ គាត់ធ្វើឡើងនៅពេល​ព្រឹកព្រលឹមនិង​ទុកក្រោមម្លប់ ដើម្បីកុំឲ្យ​អន់​គុណភាព។ នៅក្នងផ្ទៃ​ដី ២០​អារ កសិករ ភីន ភៀន ទទួលបានបរិមាណ​ផល ​៩​តោន ដែល​ទទួលបានថវិកាសរុបចំនួន ៩ ១០០ ០០០រៀល។ នៅក្នុងការដាំដំណាំត្រសក់នេះគាត់ចំណាយថ្លៃដើមសរុបចំនួន   ១ ៨០០ ០០០រៀល ចំណេញសុទ្ធចំនួន ៧ ៣០០ ០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter