លោកប្រធានមន្ទីរ ចុះពិនិត្យការដាំដុះនិងប្រមូលផលខ្ទឹមស្លឹក ដែលស្ថិតនៅភូមិពន្លាក ឃុំចុងជៀច ស្រុកតំបែរ
ចេញ​ផ្សាយ ៣០ មករា ២០២០
313

រដ្ឋបាលឃុំ មេភូមិ មានតួនាទីសំខាន់ ក្នុងការសម្របសម្រួលផ្តល់ព័ត៌មានផលិតកម្មកសិកម្ម មកជំនាញ ដើម្បីបន្តបញ្ជូនព័ត៌មានដល់ទីផ្សារនិងអ្នកបរិភោគ

ថ្ងៃអង្គារ ០៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានប្រជុំពិភាក្សាពីស្ថានភាពការងារកសិកម្ម រុក្ខាប្រមាញ់ និនេសាទ ដែលមានការចូលរួមពីលោកមេឃុំគោកស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងសមាជិក សរុប ២២រូប ក្នុងនោះស្រី ៣រូប នៅសាលាឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំខាងលើនេះ លោកប្រធានមន្ទីរ បានសំណូមពរដល់មេឃុំ មេភូមិ រាយការណ៍ រាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យកសិកម្ម ក្នុងឃុំ មកការិយាល័យកសិកម្មស្រុក ឬរាយការណ៍មកមន្ត្រីជំនាញនៃមន្ទីរឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរ បានផ្តល់នូវជម្រើស ដើម្បីធានានិរន្តរភាពទីផ្សារនិងតម្លៃកសិផល ដូចខាងក្រោម ៖

១. ត្រូវស្វែងយល់ពីអត្ថប្រយោជន៍នៃការចងក្រងជាក្រុមកសិករផលិត ឬ សហគមន៍កសិកម្ម ដែលងាយក្នុងការរៀបចំផែនការដាំដុះ និង ចចារតម្លៃជាមួយដៃគូទីផ្សារ។

២.មេឃុំ មេភូមិ ត្រូវចូលរួមផ្តល់ព័ត៌មានជាក់លាក់និងទាន់ពេលវេលាអំពីស្ថានភាពនៃការដាំដុះដំំណាំក្នុងមូលដ្ឋានរបស់ខ្លួន មកការិយាល័យកសិកម្មស្រុក ឬ មន្ទីរជំនាញ ឱ្យបានទៀងទាត់តាមវដ្តផលិតកម្ម ដើម្បីជំរុញឲ្យមានភាពស៊ីចង្វាក់គ្នារវាងផលិតកម្មកសិកម្មនិងទីផ្សារ ធានាគុណភាព សុវត្ថិភាពកសិផល និងតម្លៃ

៣. មេឃុំ មេភូមិ ត្រូវផ្សព្វផ្សាយដល់កសិករដែលមានចិញ្ចឹមគោ ឬ ក្របី ឬ ជ្រូក កសាងឡជីវឧស្ម័ន ដែលប្រើ ប្រាស់លាមកសត្វ ហើយផ្តល់មកវិញនូវឧស្ម័នជាចំហេះសម្រាប់ដាំបាយសម្ល និងជីបែបធម្មជាតិ សម្រាប់ប្រើ ប្រាស់លើដំណាំ ជំនួសជីគីមីសំយោគ រួម ចំណែកកាត់បន្ថយថ្លៃ ដើមផលិត

៤. មេឃុំ មេភូមិ ត្រូវចូលរួមផ្សព្វផ្សាយឲ្យ បានទូលំទូលាយរក្សា ទុកពូជដំឡូងមីដែលមិនមានជំងឺ ជាពិសេសជំងឺរួញស្លឹក(ជំងឺម៉ូសាអុិក) ដែលវានឹងធ្វើឲ្យទិន្នផលដំឡូងមីធ្លាក់ចុះខ្លាំងនិងមានកម្រិតជាតិម្សៅទាប។ កសិករ ត្រូវចេះថែរក្សាពូជដែលគ្មានជំងឺទុកដាំពេលក្រោយៗទៀត នៅផ្នែកណាមួយនៃចម្ការ និងណែនាំឱ្យមានរៀបចំធ្វើចម្ការពូជ ដើម្បីទុកពូជលក់។

បញ្ចប់ការប្រជុំ លោកប្រធានមន្ទីរ រួមជាមួយសហការី បានបន្តចុះពិនិត្យការដាំដុះនិងប្រមូលផលខ្ទឹមស្លឹក ដែលស្ថិតនៅភូមិពន្លាក ឃុំចុងជៀច ស្រុកតំបែរ។

លោកពូ ធឹង ធីន ដែលជាកសិករដាំដុះខ្ទឹមស្លឹក នៅភូមិពន្លាក ឃុំចុងជៀច ស្រុកតំបែរ បានលើកឡើងថា គាត់មាន ផ្ទៃដីដាំដុះខ្ទឹមស្លឹក ៩០ អា ដាំដុះលក្ខណៈវិលជុំ។ គាត់បន្ត ទៀតថា នៅភូមិរបស់គាត់ឥឡូវមានអ្នកដាំខ្ទឹម ៤០នាក់លើផ្ទៃដីសរុបប្រហែល ៤០ហិចតា ក្នុងពេលតែមួយ ដែលងាយប្រឈមបញ្ហាទីផ្សារ។

លោកស្រី គីន ហ៊ីម ដែលជាអាជីវករប្រមូលទិញកសិផលពីកសិករដល់កន្លែង បានលើក ឡើងថា ក្នុងមួយថ្ងៃគាត់ប្រមូលទិញខ្ទឹមស្លឹក ៦០០ ទៅ៧០០គីឡូ ក្រាមក្នុងមួយថ្ងៃ។ បងស្រី បានបន្តថា ខ្ទឹមស្លឹក គ្រាន់តែជាគ្រឿងទេស បង្កើតក្លិន ប្រើក្នុងបរិមាណតិចតួចប៉ុណ្ណោះ តែកសិករក្នុងតំបន់នេះ ដាំដុះយ៉ាង ច្រើនដែលងាយប្រឈមនឹងទីផ្សារ ទន្ទឹមខេត្តផ្សេងៗ ក៏មានកសិករដាំខ្ទឹមស្លឹកច្រើនផងដែរ អាចបណ្តាលឱ្យមានការជុននៅលើទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter