ដើម្បីទទួលបាននិរន្តរភាពទីផ្សារនិងតម្លៃល្អប្រសើរ អ្នកដាំស្វាយកែវរមៀត ត្រូវអនុវត្តវិធានភូតគ្គាមអនាម័យនិងការ អនុវត្តតាមស្តង់ដារតម្រូវរបស់អ្នកបញ្ជាទិញ
ថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលកសិករដាំស្វាយកែវរមៀត ២០០នាក់ នៅភូមិទួលប្រោះ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី មន្ត្រីជំនាញ តំណាងសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងសហគ្រាសកែច្នៃដំណាប់ស្វាយកែវរមៀត តំណាងក្រុមហ៊ុនអង្គរហ្គ្រីន។
សូមជម្រាបថា តាមរបាយការណ៍បឋមទទួលបានកសិករដាំស្វាយកែវរមៀតក្នុងខេត្តត្បូងឃ្មុំ មានប្រមាណ ១ ៥០០ហត មានគ្រួសារកសិករពាក់ព័ន្ធប្រមាណ ៧០០គ្រួសារ ក្នុងនោះប្រមាណ ផ្ទៃដីស្វាយប្រមាណ ៩០០ហ.ត កំពុងតែប្រមូលផលផ្គត់ផ្គង់ឲ្យទីផ្សារក្នុងនិងក្រៅប្រទេស។ ស្វាយកែវរមៀត ត្រូវបានចែកជាពីរប្រភេទ ៖
ប្រភេទទី១- ផ្លែស្វាយស្រោបថង់ត្រូវបានកសិករចុះកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលទិញទៅក្រៅប្រទេស ដោយក្រុមហ៊ុន ចុះមកអនុវត្តបច្ចេកទេសនិងប្រមូលផលដោយផ្ទាល់ ហើយម្ចាស់ចម្ការជាអ្នកមើលថែទាំ។
ប្រភេទទី២-ផ្លែស្វាយមិនស្រោបថង់ ឈ្មួញកណ្តាលប្រមូលទិញផ្គត់ផ្គង់ឲ្យរោងចក្រកែច្នៃដំណាប់ស្វាយក្នុងស្រុកមួយចំនួននិងមួយចំនួនទៀតនាំចេញទៅប្រទេសវៀតណាមផ្ទាល់តែម្តង។
លោក អ៊ន ធារិទ្ធ ម្ចាស់ចម្ការស្វាយចំនួន ៥០០ ដើមដែលដាំលើផ្ទៃដី ២ហ.ត អាចទទួលបានផលជា ២០តោន ហើយក្នុង ១តោន តម្លៃ ១ ៨០០ ០០០រៀល ដែលជាមធ្យមក្នុង ១ឆ្នាំអាចរកកម្រៃបាន ១ម៉ឺនដុល្លារ។ លោក ធារិទ្ធ ក៏បានលើកឡើងដែរបញ្ហាប្រឈមពីកត្តាចង្រៃមួយចំនួនផងដែរដូចជាស្រមើល មេអំបៅ រុយចោះផ្លែ ...បើគ្រប់គ្រងមិនបានល្អ នឹងខាតបង់។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពផ្លែស្វាយនិងឧបករណ៍គ្រឿងយន្តកសិកម្មបម្រើឲ្យផលិត កម្មស្វាយរួចមក ឯក ឧត្តមរដ្ឋមន្រ្តី បានមាន ប្រសាសន៍សំណេះ សំណាលជាមួយកសិករដាំដុះស្វាយកែវរមៀត ដោយបានសម្តែងនូវអំណរសាទរជាមួយកសិករដែលទទួលបានចំណូលពីស្វាយយ៉ាងល្អប្រសើរនាឆ្នាំនេះ។ ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបងប្អូនម្ចាស់ចម្ការស្វាយទាំងអស់អំពីគុណតម្លៃនៃរសជាតិស្វាយនិងចំណូលចិត្តរបស់អ្នកបរិភោគ ជាពិសេសប្រជាជនបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន កំពុងមានតម្រូវការស្វាយកែវរមៀតរបស់យើង។ ប៉ុន្តែអ្វីដែលក្រសួង ពិនិត្យឃើញ គឺខ្សែច្រវាក់ផលិតកម្មស្វាយកែវរមៀតរបស់យើងមិនទាន់បំពេញបានគ្រប់ជ្រុងជ្រោយនូវស្តង់ដារផលិតផលស្វាយ ជាពិសេសវិធានភូតគ្គាមអនាម័យ។ បើយើងអនុវត្តមិនបានត្រឹមត្រូវទេ ធ្វើឲ្យផ្លែស្វាយរបស់យើង មានពពួកសត្វល្អិតដែលនៅជាមួយ ឬ គុណភាពផ្លែស្វាយមិនល្អ គេមិនអាចទទួលយកទៅបរិភោគបាន។ ជំរុញផលិតកម្មស្វាយកែវរមៀត មាននិរន្តរភាពទីផ្សារនិងតម្លៃបានល្អប្រសើរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍បន្ថែម ដូចខាងក្រោម ៖
១-មន្ត្រីកសិកម្ម ត្រូវបណ្តុះបណ្តាលនិងណែនាំវិធានភូតគាមអនាម័យដល់កសិករដាំស្វាយកែវរមៀត ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់អនាម័យនិងភូតគាមអនាម័យ(SPS) ដែលមានអគ្គនាយកដ្ឋានកសិកម្ម ជាអ្នកទទួលខុសត្រូវ។
២-អគ្គនាយកដ្ឋានកសិកម្ម ត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីពូជ និងជាពិសេសការប្រើប្រាស់ជីនិងថ្នាំគីមីគ្រប់ប្រភេទ ប្រការក្រែងប៉ះពាល់ដល់គុណភាពផលិតផលសម្រាប់នាំចេញ និងសុខភាពសាធារណ:។
៣-កសិករ ត្រូវចងក្រងជាក្រុម ឬ សហគមន៍កសិកម្ម ពង្រីកអំណាចក្នុងការចចារតម្លៃជាមួយអ្នកប្រមូលទិញ ឬ ដៃគូឯកជន រក្សាស្ថេរភាពតម្លៃស្វាយ និរន្តរភាពទីផ្សារ ជាពិសេសអំណាចនៃការធ្វើកិច្ចសន្យាផលិតកម្មកសិកម្ម ទទួលបាននូវស្តង់ដារផលិតកម្មមួយដែលជាតម្រូវការរបស់អ្នកបញ្ជាទិញនិងមិនជុញ។
៤-កសិករ ត្រូវផ្តល់នូវព័ត៌មានច្បាស់លាស់នូវផលិតកម្មស្វាយរបស់ខ្លួន មកមន្ត្រីជំនាញ ដើម្បីមន្ត្រីជំនាញមានទិន្នន័យជាក់លាក់ ផ្សព្វផ្សាយជូនដល់អ្នកវិនិយោគ ឬ ដៃគូឯកជនសម្រេចចិត្តបានច្បាស់ លាស់ដាក់ទុនវិនិយោគលើដំណាំស្វាយនេះ។ ផលិតកម្មនិងទីផ្សារ។
៥-មន្ត្រីជំនាញ ត្រូវបន្តការយកចិត្តទុកដាក់ផ្តល់បច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែ ប្រួលអាកាសធាតុដល់កសិករនិងដោះស្រាយបញ្ហាប្រឈមរបស់គាត់ឲ្យបានទាន់ពេលវេលា។
៦-សំណូមពរដល់ជំនាញពាក់ព័ន្ធ ដៃគូឯកជន ចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីលើកកម្ពស់កសិផលរបស់យើងថែមទៀត លើកស្ទួយជីវភាពកសិករ ។