លោកប្រធានមន្ទីរចុះពិនិត្យការដាំដុះនិងប្រមូលផលដំណាំរបស់កសិករ នៅស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ
ចេញ​ផ្សាយ ០៦ មករា ២០២០
249

ដាំដុះមានផែនការ បង្ការភាពជុញ ជំរុញតម្លៃ កសិផលប្រសើរឡើង

ថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចុះពិនិត្យការដាំដុះនិងប្រមូលផលដំណាំរបស់កសិករ នៅស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។

*ស្រុកត្បូងឃ្មុំ ៖
បានចុះពិនិត្យការដាំដុះនិងប្រមូលផលដំណាំត្រប់វែងនិងប៉េងប៉ោះ របស់កសិករ វន គឹម ស្រឿន នៅភូមិកំពង់ប្ញស្សី ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ដែលបានដាំដំណាំបន្លែ ៣០អា។បច្ចុប្បន្នគាត់កំពុងមមាញឹកក្នុងការប្រមូលផលត្រប់វែងនិងប៉េង ប៉ោះ​ជាមធ្យម ២០០- ៣០០គ.ក្រ ក្នុងរយ: ពេល ២-៣ថ្ងៃម្តង។

*ស្រុកក្រូចឆ្មារ ៖
ចុះពិនិត្យការប្រមូលទិញ-លក់បន្លែរបស់លោក ចាន់ ភារុណ ជាអាជីវករទិញ-លក់ បន្លែនៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ បន្លែដែលប្រមូលទិញរួមមាន៖
-ល្ពៅ ជាមធ្យមប្រមូលទិញបាន ២តោន/ថ្ងៃ
-ត្រសក់ចំណារ ប្រមូលទិញបាន​​ ៥-១០តោន/ថ្ងៃ
-ប៉េងប៉ោះ ប្រមូលទិញបាន ១តោន/ថ្ងៃ
-ត្រឡាច ប្រមូលទិញបាន១០០ឡូ/ថ្ងៃ
-ក្តិបត្រសក់ស្រូវ ប្រមូលទិញបាន ១តោន/ថ្ងៃ
-ត្រប់វែង ប្រមូលទិញបាន ៧00គ.ក/ថ្ងៃ​​
លោក​ ចាន់ ភារុណ​ បានលើកឡើងថា គាត់ អាចប្រមូលទិញបន្លែពីកសិករដោយមិនកំណត់បរិមាណ កសិករប្រមូលផលបានច្រើន គាត់កាន់តែសប្បាយចិត្តក្នុងការទិញបន្លែពីកសិករ​​។ កសិផលដែលប្រមូលទិញបាន ត្រូវនាំយកទៅលក់បន្តទៅផ្សារដើមគរ រាជធានីភ្នំពេញ និងផ្សារខេត្តកំពង់ធំ។
លោក ចាន់ ភារុណ បានបន្តថា ដោយសារកសិករធ្លាប់ទទួលបានបច្ចេកទេសកសិកម្មថ្មី គួបផ្សំអំណោយផលអាកាសធាតុ ធ្វើឲ្យបរិមាណកសិផល កើនឡើង។ ដោយឡែកតម្លៃកសិផលឆ្នាំនេះ ធៀបពេលវេលាដូចគ្នាឆ្នាំមុន ទាបជាងបន្តិច ប៉ុន្តែមិនមានការជុញនោះទេ។ តែមួយថ្ងៃ ពីរថ្ងៃនេះ តម្លៃបន្លែចាប់ផ្តើមកើនឡើងវិញ បន្តិច។

បន្ទាប់មកក្រុមការងារ បានចុះពិនិត្យផ្ទាល់ការដាំត្រប់វែង ស្ពៃក្តោប និងល្ពៅឃ្លង់ របស់កសិករភូមិ១ ឃុំព្រែកអាជី ប្របនឹងមាត់ទន្លេ។

ឆ្លើយតបតម្លៃបន្លែចុះទាបបន្តិចនេះ មន្ត្រីជំនាញបានធ្វើការណែនាំដល់កសិករនិងឈ្មួញប្រមូលទិញបន្លែជួយគ្នាបន្ថែមទៀត ដូចជា៖
-កសិករ ត្រូវរៀបចំចងក្រងជាក្រុមផលិត រួចរៀបចំផែនការដាំដុះឲ្យបានត្រឹមត្រូវ ដែលឆ្លើយតបតម្រូវការរបស់ទីផ្សារ ដោយអនុវត្តតាមគោលការណ៍ អនុវត្តកសិកម្មល្អ (GAP)និងគោលការណ៍សុវត្ថិភាព
-អនុវត្តបច្ចេកទេសការគ្រប់គ្រងកសិផល មុននិងក្រោយពេលប្រមូលផល
-រៀបចំឲ្យមានការធ្វើចំណាត់ថ្នាក់បន្លែ ដើម្បីបង្កើនតម្លៃ
-ក្រុមអ្នកផលិត(កសិករ) ត្រូវឧស្សាហ៍ប្រជុំពិភាក្សា ពីផែនការដាំដុះ ពីទីផ្សារ និងការដាំឆ្លាស់គ្នា ​​
-រៀបចំឲ្យមានកន្លែងលាងសម្អាតនិងវេចខ្ចប់កសិផលឲ្យបានត្រឹមត្រូវ ដើម្បីរក្សាគុណភាព សុវត្ថិភាព
-កសិករ ត្រូវផ្តល់ព័ត៌មានមកមន្ត្រីជំនាញពីពេលវេលាប្រមូលផល ដើម្បីទទួលបានទិន្នន័យជាក់លាក់ បញ្ជូនបន្តទៅអ្នកប្រមូលទិញ​។

ចំនួនអ្នកចូលទស្សនា
Flag Counter