រសៀលថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញ បានចុះពិនិត្យការប្រមូលផល ស្រូវធ្ងន់ និងស្ថានភាពដំណាំស្រូវរដូវប្រាំង ព្រមទាំងផ្តល់ជំនួយបច្ចេកទេសដំណាំស្រូវ ដល់កសិករនៅភូមិសាយ ភូមិកំពូលសិរី ឃុំមៀន ស្រុកអូររាំងឪ។
ប្រជាកសិករ បានឲ្យដឹងថា ឆ្នាំនេះមិនមានភ្លៀងធ្លាក់នៅចុងរដូវវស្សា ក្នុងខែវិច្ឆិកា ដែលកសិករ ហៅថាភ្លៀងផ្តាំត្រី ក្តាម ខ្យង បានធ្វើឲ្យប៉ះពាល់ស្រូវរដូវប្រាំងប្រហែល ៧០ហិកតា នៃផ្ទៃដីស្រូវ រដូវប្រាំង ក្នុងឃុំសរុប ៧២០ហិកតា ដោយមិនមានប្រភពទឹកដូចជា ប្រឡាយ ស្រះ ត្រពាំង បឹង បួរ ដែលនៅជិត។ ឆ្នាំកន្លងមក កសិករបានពឹងលើអណ្តូង បូកផ្សំទឹកភ្លៀងចុងរដូវ អាចឲ្យគាត់ បញ្ចប់ស្រូវរដូវប្រាំងបាន។ តែពេលនេះ សូម្បីអណ្តូង ក៏លំបាកបូមទឹកដែរ។
តាមការពិនិត្យដំណាំស្រូវនេះ ស្ថិតនៅដំណាក់កាលបែកគុម្ព កំណកំណើតកួរដែលអាចប្រឈមនឹងការស្កក រឺទិន្នផលទាប បើមិនមានភ្លៀងធ្លាក់ ឬមានប្រភពទឹក សម្រាប់បូមបំពេញបន្ថែមនោះទេ។
ឱកាសនោះដែរ មន្ត្រីជំនាញ បានពិនិត្យដំណាំស្រូវឃើញថា ស្រូវខ្វះសារធាតុចិញ្ចឹមអាស៊ូត បណ្តាលឲ្យខ្លោចចុងស្លឹកនិងចេញអ៊ុចត្នោត ហើយបានផ្តល់បច្ចេកទេសប្រើប្រាស់ជីលើ លើដំណាំស្រូវ តាមដំណាក់កាលលូតលាស់របស់ដំណាំស្រូវនិងពន្យល់បង្ហាញពីការមើលលើ សំបកដប សំបកវេចខ្ចប់ សម្គាល់ថា ជាថ្នាំ រឺ ជីបំប៉ន ចៀសវាងការប្រើប្រាស់ខុសបច្ចេកទេស បណ្តាលឲ្យខាតបង់ថវិកា។
បន្ទាប់មកក្រុមការងារ បានចុះពិនិត្យរកប្រភពប្រឡាយមេ ដែលមានចម្ងាយប្រហែលជាង ១គីឡូម៉ែត្រ ពីស្រែដែលខ្វះទឹកស្រោចស្រព តែពុំអាចយកទឹកមកបាននោះទេ។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ បានឲ្យអាជ្ញាធរឃុំមៀន មេភូមិ បន្តតាមដាន ពិនិត្យរកប្រភពទឹកបូមទៅ ស្រោចស្រពស្រូវរបស់កសិករ និងបន្តតាមដានស្ថានភាពដំណាំស្រូវ នៅទីកន្លែងផ្សេងទៀត ដែលរងប៉ះពាល់ដោយការខ្វះទឹកសម្រាប់បូមស្រោចស្រព និងរាយការណ៍ជាប្រចាំជូនមកថ្នាក់ដឹកនាំនិងមន្ទីរជំនាញ។
បន្ទាប់មក ក្រុមការងារបានចុះពិនិត្យការចិញ្ចឹមកង្កែបរបស់កសិករឈ្មោះ ជី សាន នៅភូមិសោយ ឃុំមៀន។