ទំពាំងផ្អែម មិនត្រឹមតែជាធាតុផ្សំមុខម្ហូប តែវាមានមុខងារជួយទ្រទ្រង់សុខភាពផងដែរ
រសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមជាមួយសហការី បានចុះពិនិត្យការផ្សាំកូនឬស្សីទំពាំងផ្អែមរបស់លោក អ៊ឹម សាវុធ ម្ចាស់កសិដ្ឋានដាំឫស្សីទំពាំងផ្អែម នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោក អ៊ឹម សាវុធ បានរៀបរាប់ថា លោកបានដាំឫស្សីទំពាំងផ្អែមនេះ រយៈពេល ៣ឆ្នាំរួចមកហើយលើផ្ទៃដី ១០ហិកតា តែមិនទាន់បានប្រមូលផលទេ ដោយត្រូវរក្សាទុកឲ្យបានគុម្ពធំល្អសិន និងបានរៀបចំដីដាំដុះនៅដើមឆ្នាំ២០២០ លើផ្ទៃដី ៤០ហិកតាបន្ថែមទៀត។ លោក បានបន្តទៀតថា ឫស្សីទំពាំងផ្អែមនេះ ងាយស្រួលដាំ ឆាប់ទទួលបានផល (៦០ថ្ងៃក្រោយដាំ អាចប្រមូលផលបានជាបណ្តើរៗ) ហើយមានទីផ្សារល្អ។ លើផ្ទៃដី ១ហិកតា អាចដាំឫស្សីទំពាំងផ្អែមបាន ៥៥០គុម្ព។
តាមប្រភពពីឯកសារបច្ចេកទេសដាំឫស្សីទំពាំងផ្អែម ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ទំពាំងផ្អែម ត្រូវបានគេប្រើប្រាស់ ស្រស់សម្រាប់ជាមុខម្ហូមអាហារ និងមានសារៈប្រយោជន៍ច្រើនសម្រាប់សុខភាពដូចជា ជួយសម្រកទម្ងន់ កាត់បន្ថយហានិភ័យជំងឺមហារីក ពង្រឹងប្រព័ន្ធភាពសុំា ជួយពង្រឹងសុខភាពបេះដូង មានប្រសិទ្ធភាពសម្រាប់ទប់ទល់នឹងជំងឺផ្លូវដង្ហើម និងយកសម្រាប់ព្យាបាលការចឹករបស់ពស់និងខ្យាដំរី។ ក្រៅពីនោះដើមទំពាំងធំ វាអាចយកទៅធ្វើជាទ្រុងសត្វ សម្ភារសំណង់ជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម