ផលិតកម្មកសិកម្មតាមកិច្ចសន្យា ផ្តល់ផលចំណេញដល់គ្រប់គូភាគី
រសៀលថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ ចុះក្តាប់ពីស្ថានភាពដំណាំបន្លែ និងពន្យល់ណែនាំតម្រង់ទិសកសិករពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាពិសេសរវាងសហគមន៍កសិកម្ម(កសិករដែលដាំបន្លែ ដូចជា ត្រសក់ សណ្តែកគួរ ត្រប់ ត្រលាច..)ដែលមានផ្ទៃដីដាំដុះសរុប ៤.៨០ហ.ត ជាមួយអាជីវករប្រមូលទិញបន្លែក្នុងភូមិ នៅភូមិស្មោញ និងភូមិថ្លុងជ្រៅ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលមានអ្នកចូលរួមចំនួន ២២នាក់ ក្នុងនោះស្រី ១២នាក់។
ផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺសំដៅដល់ផលិតកម្មកសិកម្ម ដោយមានការធានាអំពីតម្លៃ បរិមាណ និងគុណភាពផលិតផល ព្រមទាំលក្ខខណ្ឌផ្សេងៗទៀត ដែលមានការព្រមព្រៀងគ្នាមុនផលិត។
ផលិតកម្មកសិកម្មតាមកិច្ចសន្យា សំដៅដល់ការព្រមព្រៀង លើអាជីវកម្មផលិតកម្មកសិកម្ម ដែលបាន ធ្វើឡើងរវាងភាគីពីរឬច្រើន ដើម្បីដាក់ឱ្យប្រតិបត្តិតាមផ្លូវច្បាប់ ហើយត្រូវមានចែងពីលក្ខខណ្ឌតម្រូវនានាជាមុន។
អាជីវកម្មផលិតកម្មកសិកម្ម សំដៅដល់មុខរបរ លក់ ទិញផលិតផលកសិកម្មដូចជា៖
+ ការដាំដុះដំណាំគ្រប់ប្រភេទ
+ ការផលិតពូជដំណាំ ពូជសត្វ ពូជវារិជាតិ និងពូជរុក្ខជាតិ
+ ការកែច្នៃផលិតផលកសិកម្ម
+ ការប្រមូលទិញ ផលិតផលកសិកម្មតាមកិច្ចសន្យា សម្រាប់ផ្គត់ផ្គង់ទីផ្សារ រោងចក្រកែច្នៃ ឬការនាំចេញ។
អត្ថប្រយោជន៍ដែលសហគមន៍ទទួលបានពីការអនុវត្តផលិកម្មកសិកម្មតាមកិច្ចសន្យាគឺ ៖
+ ទទួលបានសេវាបច្ចេកទេស
+ កាត់បន្ថយអស្ថេរភាពតម្លៃ
+ មានលំហូរទីផ្សារ
+ ទទួលបានប្រាក់ចំណូលជាទៀងទាត់ ធានាតម្លៃថេរ និងតម្លៃទីផ្សារសេរី ដែលមានការព្រមព្រាងគ្នា ហើយការពារ ការក្រឡុកតម្លៃពីឈ្មួញដទៃ ដោយតម្រូវដែលមានចែងក្នុងកិច្ចសន្យារវាងអ្នកទាំងពីរដោយការទទួលខុសត្រូវ។
ការដាំដុះ សម្រាប់ផលិតកម្មកសិកម្មតាមកិច្ចសន្យា ការរៀបចំផែនការដាំដុះ ការដាំដុះវិលជុំពេញមួយឆ្នាំ ពិតជា ឆ្លើយតបទៅនឹងតម្រូវការទីផ្សារបន្លែនាពេលបច្ចុប្បន្ន និងមិនជុញ។
ទន្ទឹមនឹងនេះ ដើម្បីធានាស្ថេរភាពកិច្ចសន្យានេះ ដៃគូកិច្ចសន្យាត្រូវជំរុញការអនុវត្តគោលការណ៍ ការអនុវត្តកសិកម្ម ល្អ(GAP) PGS ឬ សរីរាង្គ ដោយ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមជំហាននីមួយៗ ដើម្បីឲ្យគុណភាពបន្លែ ឆ្លើយតបការចង់បានរបស់អ្នកបរិភោគនិងទទួលបានតម្លៃកសិផលកាន់តែប្រសើរ។