លោកប្រធានមន្ទីរ ពន្យល់ណែនាំកសិករពីផលប្រយោជន៍អំពីផលិតកម្មកសិកម្មតាមកិច្ចសន្យា
ចេញ​ផ្សាយ ២៨ តុលា ២០១៩
240

នៅថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ  បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពដំណាំស្រូវ និងជួបពន្យល់ណែនាំកសិករពីផលិតកម្មកសិកម្មតាមកិច្ចសន្យាជាពិសេសរវាងសហគមន៍កសិកម្មតំបែររុងរឿង (កសិករដែលដាំស្រូវផ្ការំដួល) ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងភូមិ នៅភូមិជ្រៃភ្លុក ឃុំតំបែរ ស្រុកតំបែរ ដែលមានអ្នកចូលរួមចំនួន ១៨នាក់ ក្នុងនោះស្រី ៩នាក់។

កិច្ចសន្យាផលិតកម្មកសិកម្ម គឺសំដៅដល់ផលិតកម្មកសិកម្ម ដោយមានការធានាអំពីតម្លៃ បរិមាណ និងគុណភាព ផលិតផល ព្រមទាំលក្ខខណ្ឌផ្សេងៗទៀត ដែលមានការព្រមព្រៀងគ្នាមុនផលិត។ ការព្រមព្រៀង លើអាជីវកម្ម ផលិតកម្មកសិកម្ម ដែលបានធ្វើឡើងរវាងភាគីពីរឬច្រើន ដើម្បីដាក់ឱ្យប្រតិបត្តិតាមផ្លូវច្បាប់ ហើយត្រូវមានចែង ពីលក្ខខណ្ឌតម្រូវនានាជាមុន។ អាជីវកម្មផលិតកម្មកសិកម្ម សំដៅដល់មុខរបរ លក់ ទិញផលិតផលកសិកម្ម ៖
- ការដាំដុះដំណាំគ្រប់ប្រភេទ
- ការផលិតពូជដំណាំ ពូជសត្វ ពូជវារិជាតិ និងពូជរុក្ខជាតិ
- ការកែច្នៃផលិតផលកសិកម្ម
- ការប្រមូលទិញ ផលិតផលកសិកម្មតាមកិច្ចសន្យា សម្រាប់ផ្គត់ផ្គង់ទីផ្សារ រោងចក្រកែច្នៃ ឬការនាំចេញ។

អត្ថប្រយោជន៍ដែលសហគមន៍កសិកម្មទទួលបានពីការអនុវត្តផលិកម្មកសិកម្មតាមកិច្ចសន្យា គឺ ៖
- បានទទួលសេវាបច្ចេកទេសជាក់លាក់
- កាត់បន្ថយអស្ថេរភាពតម្លៃ
- មានលំហូរទីផ្សារ
- ទទួលបានប្រាក់ចំណូលជាទៀងទាត់។

សូមជម្រាបថាជូនថា បន្ទាប់ពីការធ្វើបង្ហាញពីផលិតកម្មស្រូវផ្ការំដួល របស់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅភូមិជ្រៃភ្លូក ឃុំតំបែរ ស្រុកតំបែរ ពូជស្រូវផ្ការំដួល នេះ សមស្របនឹងដីភូមិសាស្ត្រនេះ ហើយប្រជាពលរដ្ឋក្នុងឃុំតំបែរ បានងាកមកដាំពូជស្រូវផ្ការំដួលនេះវិញ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានណែនាំដល់សមាជិកសហគមន៍បន្តធ្វើស្រូវរដូវប្រាំងបន្តទៀតទៅតាមទំហំធារទឹកដែរមាន។ ចំពោះដីស្រែនៅសល់ មិនអាចធ្វើស្រូវរដូវប្រាំងបាន ត្រូវដាំដំណាំប្រភេទបន្លែ ដូចជា ត្រសក់ស្រូវ ឪឡឹក ត្រឡាច ល្ពៅ កុំទុកដីទំនេរ ដើម្បីបានចំណូលបន្ថែម កែប្រែទម្រង់ដី និងទប់ស្កាត់ភាពបន្សាំនៃកត្តាចង្រៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter