នៅថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីការិយាល័យកសិកម្ម ស្រុកញាក្រែក ចុះត្រួតពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមនានា សម្រាប់ការដាំដុះដំណាំបន្លែ របស់សមាជិកក្រុមផលិតបន្លែសុវត្ថិភាព សម្រស់ក្រញូង នៃគម្រោងជំរុញផលិតកម្មស្បៀង ស្ថិតនៅភូមិក្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមសរុប ១៤នាក់ ក្នុងនោះស្រី ១នាក់។
នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានធ្វើការពិភាក្សា និងណែនាំដល់កសិករឲ្យចេះរៀបចំផែនការដាំដុះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការដាំដំណាំដូចគ្នាៗ និងក្នុងពេលតែមួយដែលធ្វើឲ្យមានការជុញ លើទីផ្សារ តម្លៃកសិផលមិនបានល្អ។
ពាក់ព័ន្ធបញ្ហាដំណាំរបស់ប្រជាកសិករ តែងតែរលួយ ដែល មានមតិមួយចំនួន បានលើកឡើងថា ការរលួយនេះ កន្លងមក គឺភាគច្រើនដោយសារតែទឹកភ្លៀងមានការជន់ខ្លាំងពេក និងមានជាតិអាស៊ីតដែលបង្កឲ្យមានផលប៉ះពាល់ដល់ដំណាំ។ ត្រង់ចំណុចនេះ ក្រុមការងារ បានណែនាំដល់កសិករនូវដំណោះស្រាយចំពោះរដូវវស្សា មានដូចជា លើករងឲ្យបានខ្ពស់ចាប់ពី ២៥ស.ម ទៅ ៣០ស.ម បាញ់ទឹកលាងស្លឹកដំណាំ ក្រោយមេឃភ្លៀង ដើម្បីកាត់បន្ថយជាតិអាស៊ីត ប្រើប្រាស់គំរបដី និង ប្រើប្រាស់មេផ្សិតទ្រីកូដេម៉ា តាមបច្ចេកទេស ដើម្បីកាត់បន្ថយការរលួយដោយជំងឺផ្សិត។