ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញពិនិត្យមើលការកែច្នៃឧបករណ៍គ្រឿងយន្តកសិកម្ម របស់សហគមន៍កសិកម្មម្រេចសរីរាង្គគគីមេមង នៅភូមិគគីត្បូង ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តាមការលើកឡើងលោក ភុំ សុវឌ្ឍន់ ប្រធានសហគមន៍ ឧបករណ៍គ្រឿងយន្តកសិកម្មនេះ បានកែច្នៃពីគ្រឿងយន្តកសិកម្មចាស់ៗរបស់ជប៉ុន ឲ្យស្របតាមស្ថានភាពជាក់ស្តែងនៃដីរបស់យើង។ ឧបករណ៍នេះកែច្នៃឲ្យមានមុខងារច្រើនយ៉ាងដូចជា កាត់ស្មៅ ភ្ជួរ ជ្រោយដី និងលើករង ដែលសមស្របសម្រាប់ដំណាំម្រេចនិងបន្លែ។ អ្វីដែលជាលក្ខណៈពិសេសឧបករណ៍នេះគឺ៖
-ងាយស្រួលក្នុងការដោះដូរបន្លាស់
-អាចប្រើប្រាស់បានទាំងក្មេង ចាស់ ស្ត្រី
-ងាយស្រួលក្នុងការប្រើប្រាស់ និងចំណេញពេលវេលា
-អាចប្រើប្រាស់ក្នុងដីតូចអង្អៀតបាន និងងាយស្រួលក្នុងការបំលាស់ទី។
សព្វថ្ងៃសហគមន៍ កែច្នៃបាន ៧គ្រឿង ហើយបានលក់ចេញទៅកសិករដាំម្រេច និងស្វាយកែវរមៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម