ចូលរួមគាំទ្រនិងបន្ថែមតម្លៃលើបន្លែសុវត្ថិភាព
ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យការដាំដុះដំណាំខ្ទឹមស្លឹករបស់កសិករនៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
មុខរបរដាំខ្ទឹមស្លឹករបស់កសិករ មុត ភឿក នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ លើផ្ទៃដី ៣០អារ ទទួលបានប្រភពចំណូលអាចទ្រទ្រង់ជីវភាពបានមួយចំណែក។ គាត់បានរៀបរាប់ថា ខ្ទឹមស្លឹកដាំក្នុងរយៈពេល ៣៥-៤០ថ្ងៃ ដោយទទួលផលបានចន្លោះពី ១-២គក្រ ក្នុងមួយម៉ែត្រ ការ៉េ ដែលបច្ចុប្បន្នលក់បានតម្លៃ ១ ៨០០៛/គក្រ(តម្លៃចុះបន្តិច) ហើយមិនជួបបញ្ហាជុញឬ ទីផ្សារនោះទេ។ គាត់ក៏បានលើកឡើងបញ្ហាដង្កូវកាត់ដើមនិងស្មៅច្រើនផងដែរ។
តាមការសន្និដ្ឋាន បញ្ហាដង្កូវនិងស្មៅ បណ្តាលមកពីជីលាមកសត្វនិងអង្កាមដែលកាត់យកមកប្រើប្រាស់មិនទាន់បានកម្ចាត់កត្តាចង្រៃឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។
ក្នុងគោលបំណងតម្រង់ទិស ឲ្យផលិតកម្មរបស់គាត់កាន់តែជោគជ័យ លោកប្រធានមន្ទីរបានផ្តល់ការណែនាំមួយចំនួនដូចខាងក្រោម៖
១-សុំរៀបចំរងដាំខ្ទឹមឲ្យបានត្រង់ល្អ និងរាបស្មើ។
២-មិនត្រូវប្រើជីលាមកសត្វនិងអង្កាម ដោយមិនបានកម្ចាត់មេរោគឬដង្កូវជាមុននោះទេ។ កសិករត្រូវតែរៀបចំ ធ្វើកំប៉ុស្ត៍គោក កម្ចាត់កត្តាចង្រៃជាមុនសិន។
៣-ការដាក់ជីគីមី ត្រូវរាយកប់ក្នុងដី ឬ លាយជាមួយទឹកស្រោច ចៀសវាងការខាតបង់ឥតប្រយោជន៍។
៤-ត្រូវធ្វើថ្នាំពុលបណ្តេញសត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ ដើម្បីកាត់បន្ថយចំណាយ។
៥-ត្រូវប្រើថ្នាំពុលគីមី ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ព្រោះអ្នករងការប៉ះពាល់សុខភាពដំបូងគេគឺអ្នកបាញ់ថ្នាំពុលនេះតែម្តង បន្ទាប់មក ទើបបានដល់អ្នកបរិភោគ។
សូមជម្រាបជូនថា ភូមិពន្លាក បានក្លាយជាតំបន់បណ្តុំដាំខ្ទឹមស្លឹក ក្នុងខេត្តត្បូងឃ្មុំ។ ឈ្មួញកណ្តាល អាជីវករ ដែលត្រូវការខ្ទឹមស្លឹកអាចបញ្ជាទិញពីតំបន់នេះបាន។