ការរៀបចំដីឲ្យស្មើល្អ ជាកត្តាសំខាន់បំផុតសម្រាប់ផលិតកម្មស្រូវរដូវប្រាំង
នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយរដ្ឋបាលស្រុកក្រូចឆ្មារ រដ្ឋបាលឃុំទួលស្នួល រៀបចំចែកពូជស្រូវដល់គ្រួសារកសិករដែលមានស្រូវខូចខាតដោយជំនន់ទឹកទន្លេមេគង្គ នៅឃុំទួលស្នួល ចំនួន ១៨៥គ្រួសារ ដែលមានប្រភពទឹកអាចស្តារឡើងវិញបាន។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានមន្ទីរបានលើកឡើងនូវគោលការបច្ចេកទេសមួយចំនួន ដើម្បីឲ្យផលិតកម្មស្រូវរដូវប្រាំងនេះ ទទួលបានជោគជ័យ គ្រាប់ពូជស្រូវមានដំណុះគ្រាប់ច្រើន សន្សំសំចៃទឹក និងស្រូវមានការដុះលូតលាស់បានល្អ ដែលក្នុងនោះរួមមាន៖
១-ការរៀបចំដីមានសារៈសំខាន់គ្រប់មុខដំណាំ។ ចំពោះស្រូវរដូវប្រាំង គឺកាន់តែសំខាន់បើដីរៀបចំ បានស្មើល្អ មានភ្លឺរឹងមាំ ព្រោះធ្វើឲ្យយើងចំណេញក្នុងការបញ្ចូលទឹក ងាយគ្រប់គ្រងកត្តាចង្រៃ និងការប្រើប្រាស់ជីបំប៉ន។
២-មុននឹងយកគ្រាប់ពូជទៅត្រាំ កសិករ ត្រូវហាលដាស់ដំណេកគ្រាប់ពូជរយៈពេលពី ២ ទៅ ៣ម៉ោង លើកម្រាលកន្ទេកល ឬស្បៃ សិន ដើម្បីឲ្យគ្រាប់ពូជស្ងួតល្អ និងមានលទ្ធភាពបឺតទឹកបានឆ្អែត ។ តែកុំហាលគ្រាប់ពូជស្រូវផ្ទាល់លើ កម្រាលបេតុង ឬ លើបន្ទះដែក ឬ កៅស៊ូតង់ប្លាស្ទិក បណ្តាលឲ្យក្តៅពេក ដែលជាហេតុធ្វើងាប់កំពីងដំណុះ(អំប្រីយ៉ុង)របស់គ្រាប់ពូជ។
៣-បន្ទាប់មក ត្រូវលាងសម្អាតគ្រាប់ពូជស្រូវ ជាមួយទឹកស្អាតលាយជាមួយអំបិល ក្នុងអត្រាទឹកស្អាត ១០លីត្រ ដាក់អំបិលគ្រាប់ ១ទៅ១,៥គ.ក្រ ដោយត្រូវកូរឲ្យអំបិលរលាយឲ្យអស់ក្នុងទឹក ទើបដាក់គ្រាប់ពូជស្រូវចូលទៅក្នុងទឹក រួចកូរ គ្រាប់ពូជស្រូវឲ្យលិចទៅក្នុងទឹក។ គ្រាប់ពូជដែលលិចទៅក្នុងទឹក ជាគ្រាប់ពូជល្អ ហើយសំដីស្រូវ(គ្រាប់ពូជស្រូវ មិនល្អ) ឬគ្រាប់ស្រូវស្ពៀត រួមនឹងគ្រាប់ស្មៅមួយចំនួន នឹងអណ្តែតឡើងមកលើ ដែលយើងត្រូវកៀរ ឬ ដួសយកវាចេញ ។ ការលាងជាមួយទឹកអំបិល ក៏អាចជួយកម្ចាត់ស្ព័ររបស់ពពួកផ្សិតមួយចំនួនផងដែរ។
៤-បន្ទាប់មក យើងត្រូវស្រង់យកគ្រាប់ពូជស្រូវ ដែលលិចទៅក្នុងទឹកទៅលាងជាមួយទឹកស្អាតធម្មតា ហើយត្រាំគ្រាប់ពូជនោះឲ្យបានរយៈពេល ២៤ម៉ោង។
៥- បន្ទាប់ពីត្រាំទឹក ត្រូវយកគ្រាប់ពូជទៅផ្អាប់រយៈពេល ៤៨ម៉ោង នៅក្រោមម្លប់ ដែលកម្រាស់គ្រាប់ស្រូវដែលដាក់ផ្អាប់នោះមិនគរលើគ្នាក្រាស់លើសពី ២០ស.មទេ ដោយត្រូវមានកល់កំណល់ឈើពីក្រោម ដើម្បីឲ្យខ្យល់រត់បានសព្វ ដែលធ្វើឲ្យគ្រាប់ពូជស្រូវ ដុះបានសព្វល្អ។ ក្នុងរយៈពេលផ្អាប់នេះ នៅថ្ងៃទី២ ក្រោយពីផ្អាប់បានរយៈពេល ២៤ម៉ោង ត្រូវបើកគម្រប កៅស៊ូប្លាស្ទិក ឬសំបកបាវចេញ រួចប្រែត្រឡប់ពីលើចុះក្រោម និងពីក្រោមឡើងលើវិញ ហើយផ្សើមទឹកតិចៗ រួចគ្របកៅស៊ូប្លាស្ទិក ឬសំបកបាវទៅវិញ ឲ្យបានគ្រប់ ៤៨ម៉ោង។
ការអនុវត្តជំហានខាងលើ នឹងធ្វើឲ្យផលិតកម្មស្រូវរបស់យើង លូតលាស់ល្អ ចៀសផុតពីជំងឺ ទទួលបានទិន្នផលខ្ពស់ ចំណាយតិច ចំណូលកាន់តែប្រសើរ។