ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំមន្រ្តីចុះសំណេះសំណាលជាមួយក្រុមកសិករត្រៀមរៀបចំកិច្ចសន្យាជាមួយឈ្មួញទិញបន្លែ ពិនិត្យលើសំណូមពរចាំបាច់អ្វីខ្លះដើម្បីជំរុញផលិតកម្មបន្ថែមទៀត បញ្ហាប្រឈមអ្វីខ្លះក្នុងផលិតកម្ម រួមទាំងកត្តាទីផ្សារបន្លែ និងពិនិត្យដំណើការដាំដុះដំណាំបន្លែ របស់ក្រុមផលិតកម្មដំណាំបន្លែសុវត្ថិភាព នៅភូមិអូឡោក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរបានផ្ដល់ជាអនុសាសន៍ណែនាំបន្ថែមទៅលើការជំរុញការអនុវត្តកសិកម្មល្អ (GAP) ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមជំហាននិមួយៗ ហើយរៀបចំផែនការដាំដុះឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការជុញផលិតផល នាំឱ្យតម្លៃកសិផលទាប ហើយកសិករត្រូវតែអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាកសិ-ពាណិជ្ជករ គឺត្រូវចេះផ្សារភ្ជាប់កសិផលខ្លួនឯងទៅនឹងទីផ្សារ។ គាត់បានណែនាំដល់កសិករឲ្យឧស្សាហ៍ពិនិត្យមើលកត្តាចង្រៃមួយចំនួនដូចជាជំងឺ និងសត្វល្អិតចង្រៃផងដែរ ហើយការប្រើប្រាស់ជី និងការប្រើប្រាស់ថ្នាំពុលកសិកម្មត្រូវស្របទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញអោយកសិករផលិតជីធម្មជាតិ និងថ្នាំពុលដែលផ្សំពីរុក្ខជាតិ និងធ្វើអោយកសិផលផ្សេងៗចាត់ចូលជាផលិតផលដែលមានសុវត្ថិភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម