ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំមន្រ្តីជំនាញ ចុះសំភាសន៍កសិករត្រៀមរៀបចំកិច្ចសន្យាជាមួយឈ្មួញទិញបន្លែ ការវិភាគសេដ្ឋកិច្ចក្នុងមួយវដ្ឋផលិតកម្មដំណាំបន្លែរបស់ពួកគាត់ និងពិនិត្យដំណើការដាំដុះដំណាំបន្លែ របស់ក្រុមផលិតកម្មដំណាំបន្លែសុវត្ថិភាព នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរមន្ទីរបានផ្ដល់ជាអនុសាសន៍ណែនាំបន្ថែមទៅលើការជំរុញការអនុវត្តកសិកម្មល្អ (GAP) ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមជំហាននិមួយៗដើម្បីឈានទៅទទួលបានវិញ្ញាបនបត្រទទួលស្គាល់ស្ដងដារ GAP ហើយរៀបចំផែនការដាំដុះឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការជុញផលិតផល នាំឱ្យតម្លៃកសិផល ហើយកសិករត្រូវតែអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាកសិ-ពាណិជ្ជករ គឺត្រូវចេះផ្សារភ្ជាប់កសិផលខ្លួនឯងទៅនឹងទីផ្សារ។
ណែនាំកសិករពីការគ្រប់កៅស៊ូប្លាស្ទិចដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្មៅចង្រៃ និងការប្រើប្រាស់ប្រព័ន្ធស្រោចស្របតាមបែបទំនើបដើម្បីបង្ករលក្ខណៈងាយស្រួលជូនដល់កសិករ និងកាត់បន្ថយលើការប្រើប្រាស់កំលាំងពលកម្មច្រើន និងត្រូវឧស្សាហ៍ពិនិត្យមើលកត្តាចង្រៃមួយចំនួនដូចជាជំងឺ និងសត្វល្អិតចង្រៃផងដែរ។
ចំណែកការប្រើប្រាស់ជី និងការប្រើប្រាស់ថ្នាំពុលកសិកម្មត្រូវស្របទៅតាមបទដ្ឋានបច្ចេកទេស និង ជំរុញអោយកសិករផលិតជីធម្មជាតិ និងថ្នាំពុលដែលផ្សំពីរុក្ខជាតិ និងធ្វើអោយកសិផលផ្សេងៗចាត់ចូលជាផលិតផលដែលមានសុវត្ថិភាព និងទទួលបានស្លាកសញ្ញាបញ្ជាក់ពីគុណភាពបន្លែសុវត្ថិភាព ( GAP )។