ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានចាត់មន្ត្រីជំនាញចំនួន៤រូប រួមមាន៖ លោក ផុន សារ៉ុម លោក ហន អឿន លោក ធីម ធួក និងលោក លី រមនា ចុះទៅពិនិត្យការរៀបចំទីតាំងបង្ហាញការចិញ្ចឹមមាន់ និងដាំដុះដំណាំបន្លែ របស់សម្បទានិក និងចុះធ្វើយុទ្ធនាការការពារជំងឺឆ្លងមាន់ នៃការអនុវត្តគម្រោង ស្ថិតនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ការធ្វើបង្ហាញចិញ្ចឹមមាន់ និងដាំដុះដំណាំបន្លែ គឺជាសកម្មភាពមួយដ៏សំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងពីការចិញ្ចឹមសត្វនិងដាំបន្លែក្នុងចំណោមសម្បទានិករបស់គម្រោង តាមរយៈការគាំទ្របច្ចេកទេស សម្ភារ និងពូជមាន់ ពូជបន្លែ ដើម្បីឱ្យសម្បទានិកដែលស្ម័គ្រចិត្តក្នុងការទទួលយកការធ្វើបង្ហាញនេះមានចំណេះដឹងគ្រប់គ្រាន់ និងអាចផ្ទេរនូវចំណេះដឹងនេះបន្តទៅសម្បទានិកដទៃទៀតដែលមានបំណងចិញ្ចឹមមាន់និងដាំបន្លែដូចពួកគាត់ដែរ។ នៅក្នុងឱកាសនោះ មន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកនូវពូជមាន់ចំនួន៦០ក្បាល ទៅចែកជូនសម្បទានិកដែលទទួលការធ្វើបង្ហាញចំនួនមួយគ្រួសារ និងស័ង្កសីប្រក់រោងមាន់ចំនួន២គ្រួសារ។
មួយវិញទៀត មន្រី្តជំនាញវិទ្យាសាស្រ្តសត្វសហការជាមួយមន្ត្រីពេទ្យសត្វ នៃការិយាល័យកសិកម្មស្រុកមេមត់ បានចុះបាញ់ថ្នាំសម្លាម់មេរោគការពារជំងឺឆ្លងមាន់បានចំនួន៨២គ្រួសារ និងធ្វើវ៉ាក់សាំងការពារជំងឺអាសន្នរោគមាន់ចំនួន២៤៦ក្បាល វ៉ាក់សាំងញ៉ូកាសចំនួន២០០ក្បាល ក្នុងការទប់ស្កាត់និងការពារកុំអោយមាន់ឈឺនិងងាប់
លើសពីនេះទៀត មន្ត្រីជំនាញបានចុះពិនិត្យការដាំដុះដំនាំបន្លែរបស់សម្បទានិក និងផ្តល់ការណែនាំបន្ថែមអំពីផែនការដាំដុះដំណាំបន្លែ បច្ចេកទេសផលិតកម្ម បន្លែ ការផលិតជីនិងថ្នាំពុលធម្មជាតិ សម្រាប់ការពារនិងបំប៉នដំណាំដែលសមស្របទៅនឹងការប្រែប្រួលអកាសធាតុ។