ឯកឧត្តម ម៉ម អំណត់ បានចុះពិនិត្យផលិតកម្មចិញ្ចឹមជ្រូកយកកូនរបស់កសិករ ឆេង ស្រីលីន នៅស្រុកតំបែរ
ចេញ​ផ្សាយ ១០ តុលា ២០១៩
230

មេបាល្អ កូនក៏ល្អ

នារសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំមន្រ្តីជំនាញ អមដំណើរ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផលិតកម្មចិញ្ចឹមជ្រូកយកកូនរបស់កសិករ ឆេង ស្រីលីន នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

កសិករ ឆេង ស្រីលីន បានរៀបរាប់ថា ដំបូងឡើយគាត់ចាប់ផ្តើមចិញ្ចឹមជ្រូកសាច់តែពីរក្បាល ក្រោយមកក៏ងាកមកចិញ្ចឹមជ្រូកមេយកកូនពីមួយក្បាលរហូតដល់៧ ក៏បានទៅចូលរួមប្រឡងកសិករឆ្នើមទូទាំងប្រទេសនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានជ័យលាភីលេខ៣។ បច្ចុប្បន្នគាត់បានពង្រីកមេជ្រូករហូតដល់ ៣៦ក្បាល ជ្រូកបា ២ក្បាល ដែលជាពូជសុទ្ធទិញមកពីក្រុមហ៊ុន ម៉ុង ឬទ្ធីផ្ទាល់តែម្តង។ មួយសប្តាហ៍មេជ្រូកទម្លាក់កូនបានពីបីទៅបួនសំបុក ដែលមួយសំបុក១២-១៣ក្បាល។ គាត់បានបន្តទៀតថា អនាម័យទ្រុង ជីវសុវត្ថិភាព ការចាក់វ៉ាក់សាំងការពារជំងឺ ជាវិធានចាំបាច់បំផុតក្នុងការចិញ្ចឹមសត្វ ដែលធ្វើឲ្យទាំងមេបានិងកូនមានសុខភាពល្អ។ ការប្រើប្រាស់ចំណី ការផ្សំចំណីដោយខ្លួនឯង ធ្វើឲ្យយើងកាត់បន្ថយថ្លៃដើមផលិត។ ការប្រើថ្នាំទម្លាក់សត្វល្អិតឲ្យបានទៀងទាត់តាមអាយុសត្វក៏ចាំបាច់ផងដែរ។

គាត់ក៏បានបញ្ជាក់ពីការធានាអះអាង ពីសុខភាពកូនជ្រូករបស់គាត់ថាល្អ ចិញ្ចឹមឆាប់ធំ ធានានឹងជំងឺដោយគាត់បានចាត់វិធានបសុព្យាបាលបានត្រឹមត្រូវ គ្រប់លក្ខខណ្ឌ។ ចំពោះកសិករដែលទិញកូនជ្រូកពីគាត់ គាត់នឹងបង្ហាត់បង្ហាញពីរបៀបចិញ្ចឹមជ្រូកឲ្យបានជោគជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ ថានេះបានថាជាអ្នកចិញ្ចឹមជ្រូកពិតប្រាកដ ព្រោះបានដឹង យល់ ស្គាល់ ពីចរិករបស់សត្វទាំងកូនទាំងមេបា ដែលសាកសមជាកសិករឆ្នើមនិងសូមឲ្យការចិញ្ចឹមនេះកាន់តែរីកធំឡើងនិងទទួលបានជោគជ័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter