ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញ អមដំណើរ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យការផលិតគ្រាប់ពូជស្រូវផ្ការំដួល ការដាំពូជដំឡូងមី (ពូជKU 50)ដើម្បីពង្រីពូជដែលធន់ទ្រាំនឹងជំងឺម៉ូសាអ៊ិច (CMD) និងការដាំដំណាំបន្លែ នៅសហគមន៍កសិកម្មក្តីសង្ឈឹមកសិករ នៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ។
លោក សេង សម្បត្តិ ប្រធានសហគមន៍ បានរាយការណ៍ ពីស្ថានភាព និងផែនការ របស់សហគមន៍ គោរពជូនឯកឧត្តម នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរដល់ប្រធានសហគមន៍ បានបញ្ចប់ថ្នាក់បរិញ្ញបត្រផ្នែកកសិកម្ម អនុវត្តការងារផ្នែកកសិកម្មនៅប្រទេអ៉ីស្រាអែល ហើយយកចំណេះដឹងទាំងនោះមកជួយណែនាំ និងអនុវត្តផ្ទាល់លើបច្ចេកទេសទំនើបលើដំណាំបន្លែ។
ក្នុងឱកាសនោះដែរឯកឧត្តមបានផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីយកទៅអនុវត្តបន្តដូចតទៅ៖
-ធ្វើការផ្សព្វផ្សាយ និងអនុវត្តចំណេះជំនាញដែលបានសិក្សាកន្លងមក ទៅដល់កសិករផ្ទាល់
-រៀបចំផែនការផលិតបានត្រឹមត្រូវ និងផ្តោតលើទីផ្សារកសិផល
-ធ្វើការពង្រីកពូជដំឡូងមីពូជ(KU50) នៅឆ្នាំបន្ទាប់
-រៀបចំផលិតបន្លែតាមគោលការណ៍អនុវត្តកសិកម្មល្អ(GAP) និងដាក់ពាក្យសុំវាយតម្លៃដើម្បីទទួលបាន ស្លាកសញ្ញាGAP បិទសំគាល់លើផលិតផលកសិផលរបស់ខ្លូន ហើយស្វែងរកទីផ្សារធំៗ និងការធ្វើកសិកម្មតាមកិច្ចសន្យា
-ធ្វើការពង្រីផ្ទៃដីផលិតគ្រាប់ពូជបន្ថែម ដើម្បីបំពេញតម្រូវការចង់បានរបស់សហគមន៍ និងប្រជាពលរដ្ឋ
-ធ្វើការទំនាក់ទំនង ផ្ដល់នូវពត៌មាន បញ្ហាប្រឈមក្នុងផលិតកម្ម ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឬមន្ត្រីដែលនៅមូលដ្ឋានផ្ទាល់ ដើម្បីចូលរួមធ្វើការដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា។