ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩
+លោក អ៊ៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
+លោក ទូច ចាន់សុផល ប្រធានការិយាល័យកសិកម្មក្រុងសួង
+លោក សេង សីសាក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
+កញ្ញា ពៅ ពិសាខ អនុប្រធានការិយាល័យកៅស៊ូ
បានចុះសម្របសម្រួលដំណើរទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មតំបែររុងរឿងចំនួន១៣រូប ក្នុងនោះស្រី១រូប ដើម្បីសិក្សារស្វែងយល់ពីបច្ចេកចិញ្ចឹមកង្កែប របស់លោក សោម លី ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប នៅភូមិជើងវត្ត សង្កាត់វិហារលួង ក្រុងសួង ដែលកសិដ្ឋានមានអាងចិញ្ចឹមកង្កែបចំនួន២០អាង សាងសង់លើផ្ទៃដី២០អា និងបានដាក់ចិញ្ចឹមកង្កែបមួយវគ្គបានចំនួនជាង៧០ ០០០ក្បាល ហើយប្រមូលផលមួយលើក បានពី ៩០០-១ ០០០គក្រ ជាមួយនឹងតម្លៃ១០ ០០០រ/គក្រ។
+ជាមួយគ្នានេះផងដែរលោក សោម លី បានចែករំលែកនូវបទពិសោធន៍និងគោលការណ៍បច្ចេកទេសចិញ្ចឹមកង្កែបដើម្បីឲ្យទទួលជោគជ័យ ដល់ក្រុមការងារនិងសិក្ខាកាមដូចខាងក្រោម៖
-ត្រូវមានភាពឧស្សាហ៍ព្យាយាមនិងស្រឡាញ់ការងារចិញ្ចឹមកង្កែបនេះ
-ត្រូវចេះរៀបចំទីតាំងអាងចិញ្ចឹមកង្កែបឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេស និងមជ្ឈដ្ឋានរស់នៅរបស់កង្កែប
-ត្រូវចេះជ្រើសរើសមេបាកង្កែបដែលមានសុខភាពល្អ មានទំហំធំ និងចេះពីបច្ចេកទេសបង្កាត់កង្កែបសប្បនិមិត្ត
-ត្រូវរៀបចំឲ្យមានប្រព័ន្ធបញ្ចេញបញ្ចូលទឹកឲ្យបានត្រឹមត្រូវ និងប្រើប្រាស់ទឹកដែលមានកំហាប់អាស៊ីតទាប
-ត្រូវយល់ដឹងពីបច្ចេកទេសថែទាំ និងផ្តល់ចំណីដែលមានប្រូតីនគ្រប់គ្រាន់និងសមស្របតាមដំណាក់កាលលូតលាស់របស់កង្កែប។
ក្រោយពីបញ្ចប់ទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកទេសចិញ្ចឹមកង្កែបកសិដ្ឋានខាងលើ ក្រុមការងារសង្កេតឃើញថា មានថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ចំនួន៨រូប មានចំណាប់អារម្មណ៍ចង់សាកល្បងប្រកបរបរចិញ្ចឹមកង្កែបនៅមូលដ្ឋានរបស់គាត់។
+នាព្រឹកដដែលនេះផងដែរក្រុមការងារ និងថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មបន្តចុះទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកចិញ្ចឹមមាន់របស់លោកស្រី សុខ ជា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះលោកស្រីម្ចាស់កសិដ្ឋានចិញ្ចឹមមាន់បានចែករំលែកនូវបទពិសោធន៍ចិញ្ចឹមដល់ក្រុមការងារ និងសិក្ខាកាមមួយចំនួនដូចខាងក្រោមនេះ៖
-កសិករត្រូវមានការយកចិត្តទុកដាក់ និងស្រឡាញ់ការងារចិញ្ចឹមមាន់
-ត្រូវចេះរៀបចំទីតាំង និងទ្រុងចិញ្ចឹមមាន់តាមបច្ចេកទេស គឺមិនឲ្យលិចទឹក និងមានពន្លឺថ្ងៃគ្រប់គ្រាន់
-ត្រូវចេះពីបច្ចេកទេសជ្រើសរើសពូជ និងចាក់វ៉ាក់សាំងការពារជំងឺឲ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់អ្នកបច្ចេកទេស
-ចេះពីបច្ចេកទេសផលិត និងផ្តល់ចំណីមាន់ឲ្យសមស្របតាមដំណាក់កាលលូតលាស់របស់មាន់
-ចេះព្យាបាលនិងតាមដានរោគសញ្ញាជំងឺមាន់សំខាន់។