នៅរសៀលថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញចូលរួមស្តាប់កិច្ចប្រជុំប្រចាំខែរបស់ ក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍កសិកម្មតំបែររុងរឿង នៅភូមិជ្រៃភ្លូក ឃុំតំបែរ ស្រុកតំបែរ ដែលមានអ្នកចូលរួម ១២នាក់ ក្នុងនោះស្រី ១នាក់។
លោក ស៊ុន ភារ៉ា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ បានរាយការណ៍ ជូនអង្គប្រជុំពីភាពរីកចម្រើន និងបញ្ហាប្រឈមនានា របស់សហគមន៍។ ក្នុងនោះ លោកប្រធានសហគមន៍ ក៏បានលើកឡើងពីផែនការអាជីវកម្មរបស់សហគមន៍ ដែលគ្រោងនឹងធ្វើនាពេលអនាគត រួមមាន៖
១.បង្កើនភាគហ៊ុនក្នុងសហគមន៍បន្ថែម ដើម្បីធ្វើអាជីកម្មឥណទាន
២.រៀបចំក្រុមផលិតពូជស្រូវ សម្រាប់លក់ជូនសមាជិកសហគមន៍ និងសហគមន៍ផលិតស្រូវចំណីផ្សេងទៀត
៣.ការដំណើរការលក់សម្ភារៈនិងធាតុចូលកសិកម្ម
៤.ការប្រមូលទិញស្រូវកិន ជាអង្ករលក់
៥.ប្រមូលទិញគ្រាប់ស្វាយចន្ទី ហាលសម្ងួតសម្រាប់លក់ឲ្យសិប្បកម្មកែច្នៃ
៦.ការចិញ្ចឹមត្រី
៧.ការចិញ្ចឹមកង្កែប
៨.ការចិញ្ចឹមមាន់
៩.ការដាំបន្លែ។
នាឱកាសនោះ លោកប្រធានមន្ទីរ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សហគមន៍និងបានផ្តល់ជាយោបល់មួយចំនួន ៖
-ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ
-មានរបបប្រជុំថ្នាក់ដឹកនាំ មានកំណត់ហេតុប្រជុំ មានរបាយការណ៍ទៀងទាត់
-រៀបចំផែនការអាជីវកម្ម មុខរបរ ច្បាស់លាស់ដោយមានការឯកភាពពីសន្និបាតសហគមន៍
-សេវាឥណទាន ចំគោលដៅ ជាពិសេសផ្តោតទៅលើអាជីវកម្ម ឬ មុខរបរ ដែលទទួលបានការសម្រេចពីសហគមន៍
-ផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាយន្តការដែលសហគមន៍ត្រូវធ្វើឲ្យបាន ដើម្បីដើរតួជាកសិ ពាណិជ្ជករ ការពារប្រយោជន៍សហគមន៍។