ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញចុះជួបសំណេះសំណាលក្រុមកសិករដាំបន្លែនៅភូមិអូរឡោក ឃុំចក ស្រុកអូររំាងឪ ដែលមានអ្នកចូលរួម ១៥នាក់ ស្ត្រី ៧នាក់។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានលើកឡើងពីការរៀបចំផែនការដាំដុះ ឲ្យបានច្បាស់លាស់ ដាំឆ្លាស់មុខដំណាំគ្នា ធ្វើការប្រជុំក្រុមជាប្រចាំ ដើម្បីចែករំលែកពីតម្រូវការទីផ្សារជាក់ស្តែងតាមខែនីមួយៗ និងមានកិច្ចសហការល្អក្នុងដាំដុះ។
ពាក់ព័ន្ធការលើកឡើងរបស់កសិករពីបញ្ហាដែលប្រឈម សម្រាប់ដំណាំបន្លែ ដូចជា ស្មៅដុះច្រើន ទឹកលិចនៅរដូវវស្សា សត្វល្អិត ជំងឺ ការប្រើប្រាស់ជី និងថ្នាំកសិកម្ម ខ្វះទីផ្សារ មន្ត្រីជំនាញ បានផ្តល់ជាគំនិតយោបល់ជាច្រើន ហើយលោកប្រធានមន្ទិរ បានណែនាំឲ្យមន្ត្រីបន្តចុះមកបង្ហាត់បង្ហាញ ផ្តល់ជំនួយបច្ចេក ទេសជាប្រចាំ ហើយរាល់កសិផលដែលផលិតបានបន្ទាប់ពីលក់ នៅសល់យើងអាចយកកែច្នៃ ដែលអាចបង្កើនតម្លៃនិងបង្កើតការងារបន្ថែម។
ព្រមជាមួយគ្នានោះ លោកប្រធានមន្ទីរ បានណែនាំក្រុមកសិករឲ្យ ធ្វើការដាំដុះដោយអនុវត្តគោលការណ៍ ការអនុវត្តកសិកម្មល្អ (GAP) ដើម្បីធានាសុវត្តិភាព ទាំងអ្នកដាំនិងអ្នកបរិភោគ ហើយមានតម្រូវការលើទីផ្សារ។
ជាលទ្ធផល ក្រុមកសិករ បានសន្យា ធ្វើការបែងចែកមុខដំណាំគ្នាដាំ ដូចជា ដំណាំត្រសក់ស្រូវ ត្រប់ ម្ទេសហាវៃ ម្ទេសដៃនាង ត្រសក់ចំណារ ជីរណា ស្ពៃ សាឡាដ សម្រាប់ដាំដុះខែវិច្ឆិកា ខាងមុខនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម