លោកប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រោះមហន្តរាយខេត្តកំពង់ចាម
ចេញ​ផ្សាយ ០៣ តុលា ២០១៩
150

" ពេលទឹកជន់លិច ក៏ គិត ពេលទឹកស្រក ក៏ គិត នេះជាការបារម្មណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក " ប្រសាសន៍ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃពុធ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ពេលទឹកឡើងសម្តេចទាំងពីរ មានការខ្វល់ខ្វាយនិងបានចាត់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ចុះជួយនាំបងប្អូនដែលរងប៉ះពាល់ រួមទាំងទាំងសត្វពាហនៈមកកាន់ទីទួលសុវត្ថិភាព យកចិត្តទុកដាក់ថែទាំសុខភាពបងប្អូន ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភារៈទីជម្រក។ ពេលទឹកស្រកទៅវិញ សម្តេចទាំងពីរ គិតគូរទៀតអំពីផលដំណាំដែលរងការខូចខាត និងរកពូជ ដើម្បីផ្តល់ជូនកសិកររងគ្រោះ ដោះស្រាយការលំបាក ស្តារផលដំណាំឡើងវិញ។ ដូចជាពេលនេះ យើងមកជួបគ្នាគិតគូរ រកលទ្ធភាពផ្តល់ពូជស្រូវនិងដំណាំបន្លែជូនប្រជាពលរដ្ឋរងគ្រោះរបស់យើង។

បន្ទាប់ពីកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងច្រាំងទន្លេដែលរងការបាក់ស្រុតនិងត្រូវបានរៀបចំទប់បានទាន់ពេលវេលានៅភូមិកំពង់ឬស្សីនិងបំណាក់ស្រុកនៅវត្តរកាធំ ឃុំជីរោទិ៍ទី១ និងទីតាំងដីស្រែដែលរងការខូចខាតដោយទឹកជំនន់ហើយត្រូវស្តារឡើងវិញនៅភូមិជ្រោយស្រឡៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមជម្រាបជូនថាខេត្តត្បូងឃ្មុំ ជំនន់ទឹកទន្លេមេគង្គបានឡើងលើសកម្រិតប្រកាសអាសន្ន បង្កជន់លិចប៉ះពាល់ផ្ទៃដីស្រូវ ២ ៥៩៦ហិកតា កសិកររងគ្រោះ ៣ ៥៨៤គ្រួសារ។ ដោយសារការជន់លិចមានរយៈពេលយូរបណ្តាលឲ្យខូចខាតដំណាំស្រូវអស់១ ៩២២ហិកតា មានកសិកររងគ្រោះ ២ ៩១៦គ្រួសារ នៅស្រុកចំនួន ៤ ត្រូវជា ១៦ឃុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter