ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយសហការី និងសហការជាមួយការិយាល័យកសិកម្មស្រុកមេមត់ រួមជាមួយមេភូមិស្រែលើសែនជ័យ បានរៀបចំទិវាស្រែបង្ហាញកសិករពីបច្ចេកទេសផលិតកម្មបន្លែ ដល់បងប្អូនសម្បទានិក នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើការណែនាំដល់សម្បទានិក ឲ្យចេះធ្វើដីសម្រាប់ដាំបន្លែ របៀបថែទាំបន្លែ ការដាក់ជី សម្អាតស្មៅ ការស្រោចស្រពជាដើម សំដៅធានាដល់ការប្រមូលផល បានទិន្នផលខ្ពស់ និងស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ ទន្ទឹមនេះ ក្រុមការងារបានណែនាំបន្ថែមទៀតថា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ជាពិសេសនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ច្រើនជោគជាំ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ដំណាំបន្លែ ន័យដូចនេះ តម្រូវឲ្យប្រជាកសិករមានការប្រុងប្រយ័ត្នខ្ពស់ ពីមេរោគផ្សិត វីរុស និងបាក់តេរីផ្សេងៗ ជាមូលហេតុ បណ្តាលឲ្យខូចខាត បាត់បង់ផលដំណាំ និងប្រាក់ចំណូលរបស់កសិករ។ ជាមួយគ្នានោះផងដែរ កសិករ ស៊ុន រុន ជាសម្បទានិក ដែលអនុវត្តការដាំដុះដំណាំបន្លែ បានបង្ហាញពីបច្ចេកទេស បទពិសោធន៍ និងការអនុវត្តជាក់ស្ដែងជូនសម្បទានិកផ្សេងទៀត ព្រមទាំងបានបង្ហាញពីចំណូលនិងចំណាយលើការងារដាំដុះដំណាំបន្លែរបស់គាត់ ហើយគាត់បានបញ្ជាក់ទៀតថា សម្រាប់ការដាំដុះដំណាំបន្លែរបស់គាត់លើផ្ទៃដី៦០០ម៉ែត្រការ៉េ ក្នុងនោះមានដំណាំសណ្ដែកកួរ និងត្រសក់ចំណារ តែគាត់ទើបតែប្រមូលផលត្រសក់ចំណារប៉ុណ្ណោះ ក្នុងមួយថ្ងៃគាត់ប្រមូលផលបានពី២៥ទៅ៣០កីឡូក្រាម ហើយតម្លៃលក់១គីឡូក្រាម២,០០០រៀល ហើយឈ្មួញបានមកប្រមូលទិញដល់ទីតាំងតែម្ដង។ បន្ទាប់ពីបានដឹកនាំកសិករពិនិត្យការដាំដុះបន្លែនិងបង្ហាញបច្ចេកទេសរួច ក្រុមការងារ បានចែកសម្ភារ និងពូជបន្លែជូនសម្បទានិកចំនួន១០គ្រួសារសម្រាប់យកទៅអនុវត្តការដាំដុះ និងចែករំលែកបទពិសោធន៍ ចំណេះដឹងទៅ ដល់សម្បទានិកផ្សេងទៀត។