ថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
បានចុះពិនិត្យ និងផ្តល់បច្ចេកទេសលើដំណាំស្រូវ នៅភូមិជ្រៃភ្លូក ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ តាមចុះពិនិត្យ សំណាបដែលមានអាយុកាល ១៥ថ្ងៃ ដែលរងផលប៉ះពាល់ដោយជំងឺប្លាស់ លើផ្ទៃដីចំនួន០.០៥ហិកតា (ពូជស្រូវផ្ការំដួល) ដោយសារថ្នាលសំណាប នៅក្បែរផ្ទះ មានលាមកសត្វគោ ក្របី មាន់ មួយចំនួនហូរចូល ពេលមានភ្លៀងធ្លាក់និងការប្រើប្រាស់ជីអាសូតច្រើន (អ៊ុយរ៉េ) នៅពេលមានរលឹមភ្លៀង និងមេឃអួរអាប់ជាប់ៗគ្នា៤ ទៅ ៥ថ្ងៃ។
ក្នុងនោះមន្រ្តីជំនាញបានណែនាំដលើកសិករដូចខាងក្រោម៖
- បង្ហូរទឹកចេញពីក្នុងស្រែឲ្យអស់ រួចហើយបញ្ជូលទឹកថ្មីវិញ
- យករនាស់ដៃរាស់យកស្លឹកស្រូវដែលរលួយចេញពីក្នុងថ្នាល យកទៅដុតចោល
- បន្ទាប់ពីប្រមូលស្លឹកស្រូវរួច ត្រូវបាញ់ថ្នាំកសិកម្ម ដើម្បីសម្លាប់មេរោគផ្សិត និងទប់ស្កាត់ការរាល់ដាលដល់ស្រែផ្សេងៗទៀត - កសិករអាចប្រើប្រាស់ថ្នាំដែលមានធាតុសកម្ម Albendazol, Benomyl, Mancozeb, Chlorothalonil ចំពោះបរិមាណថ្នាំ និងទឹកត្រូវលាយ សូមកសិករអាននៅសំបកថ្នាំនីមួយៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម