ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គនៅភូមិទួលអង្គ្រង ឃុំជីរោទិ៍ទី១
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
168

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩  ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គនៅភូមិទួលអង្គ្រង ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំនួន ២១០គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសាខាកាកបាទ ក្រហមកម្ពុជា ដែលសម្តេចទាំងពីរ មានការសោកស្តាយនិងក្តីអាណិតអាសូរជាពន់ពេកដល់បងប្អូនជនរួមជាតិទាំងអស់ដែលកំពុងមានទុក្ខលំបាកដោយសារជំនន់ទឹកទន្លេមេគង្គ ព្រោះត្រូវចាក ចេញពីផ្ទះសំបែងមួយរយៈ រួមជាមួយសត្វ ពាហនៈ ខកខានក្នុងរបររកស៊ី កូនមិនបានទៅសាលា រស់នៅតាមជម្រកបណ្តោះអាសន្ន។ ទន្ទឹមនេះ សម្តេច បានណែនាំនិងចាត់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ចាត់ចែងរៀបចំទីទួលសុវត្ថិភាព រៀបចំទីជម្រកបណ្តោះអាសន្នឲ្យបានសមរម្យនិងបានរៀបចំកញ្ចប់សង្គ្រោះជាសម្ភារនិងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់។

ជាក់ស្តែងពេលនេះ អំណោយរបស់សម្តេចសម្រាប់គ្រួសារម្នាក់ៗ រួមមាន អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា មី ព្រមទាំងថវិកាមួយចំនួន និងបានណែនាំឲ្យមន្ត្រីសុខាភិបាល ចុះមកពិនិត្យសុខភាពប្រជាពលរដ្ឋរាល់ថ្ងៃ ហើយមន្ត្រីបសុព្យបាល ត្រូវចុះបាញ់ថ្នាំរម្ងាប់មេរោគនិងចាក់ថ្នាំការពារជំងឺឆ្លងសត្វឲ្យបានគ្រប់សត្វទាំងអស់។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ន ស្ទើរគ្រប់ប្រទេស តែងជួបនូវគ្រោះធម្មជាតិ ទោះបីប្រទេសនោះមានការរីកចម្រើនយ៉ាងណាក៏ដោយ តែយ៉ាងណាប្រមុខរាជរដ្ឋា ភិបាល មិនចង់ឃើញប្រជាពលរដ្ឋរបស់យើងជួបការលំបាកដោយគ្រោះធម្មជាតិដែរ។ យើងបានរស់នៅក្នុងសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍគ្រប់ទីកន្លែង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន ហើយ ហើយយើងកន្លងមកក៏បានគាំទ្រនិងប្តេជ្ញាបន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោ ដើម្បីរក្សាតម្លៃនៃសន្តិភាពនិងកាត់បន្ថយគ្រោះធម្មជាតិឲ្យបានជាអតិបរមា។

សូមជម្រាថា ទីទួលសុវត្ថិភាព ទួលអង្គ្រងនេះកសាងឡើងក្រោមអំណោយកាកបាទក្រហមកម្ពុជា មានទំហំ ១០០មx៥០ម កសាងអណ្តូងទឹកស្នប់ ១ បន្ទប់អនាម័យ ៤បន្ទប់ និងត្រូវកសាងរោងចាក់សាបសុីម៉ង់ ប្រក់សង្កសី ទំហំ ១៥មx៨ម។

ចំនួនអ្នកចូលទស្សនា
Flag Counter