ការចិញ្ចឹមសត្វ ត្រូវតែធ្វើជីវសុវត្ថិភាពនិងចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ ទោះបីមិនជួបបញ្ហាទឹកជំនន់ក៏ដោយ
ព្រឹកថ្ងៃព្រហស្បត៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមនិងជំងឺសារទឹក ដល់សត្វគោ ក្របី របស់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គនៅទួលសុវត្ថិភាពឧកញ៉ា ឌី ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានសត្វគោ ក្របី ជម្លៀសមកកាន់ទីនេះប្រមាណ ៦០ក្បាល។
សូមជម្រាបថា ទឹកជំនន់ទន្លេមេគង្គឆ្នាំ២០១៩នេះ បានហក់ឡើងយ៉ាងគំហុកខ្ពស់ជាងកម្រិតប្រកាសអាសន្ន ជំរុញឲ្យគ្រួសារប្រជាពលរដ្ឋដែលមានលំនៅដ្ឋានត្រូវទឹកលិច បង្ខំចិត្តជម្លៀសមកកាន់ទីទួលសុវត្ថិភាព រួមទាំងសត្វពាហនៈផងដែរ។ មកដល់ថ្ងៃនេះ សត្វពាហនៈជម្លៀសមានប្រមាណ ២ ៣៥២ក្បាល មកកាន់ទីទួលសុវត្ថិភាព ២០កន្លែង ក្នុងស្រុកក្រូចឆ្មារ ត្បូងឃ្មុំ និងស្រុកអូររាំងឪ។
ថ្ងៃនេះ មន្ត្រីបសុព្យបាលសហការជាមួយអាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសុខភាពសត្វភូមិ ចាប់ផ្តើមចុះបាញ់ថ្នាំធ្វើជីវសុវត្ថិភាពនិងចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ ២មុខព្រួញ គឺក្នុងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ ដែលត្រូវធ្វើនៅគ្រប់ទីទួលសុវត្ថិភាពទាំងអស់។
ដើម្បីថែរក្សា ការពារសុខភាពសត្វដែលជាប្រភពចំណូលក្នុងគ្រួសារ ក៏ដូចជាសុខភាពមនុស្សបានល្អ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សំណូមពរដល់ប្រជាពលរដ្ឋដែលមានសត្វចូលរួមអនុវត្តតាមវិធានការដូចខាងក្រោម៖
១-ត្រូវផ្ដល់ចំណីនិងទឹកស្អាតដល់សត្វ ឲ្យបានគ្រប់គ្រាន់។
២-ត្រូវរៀបចំទីកន្លែងសម្រាប់មនុស្សនិងសត្វ រស់នៅដាច់ពីគ្នានិងប្រកបដោយអនាម័យល្អ។
៣-ត្រូវរកសំបករុក្ខជាតិដូចជា សំបកស្ដៅ ឬ វល្លិ៍ពេជ្រ ឬ សំបកកណ្ដោល យកមកត្រាំទឹក ហើយ បញ្ច្រកឱ្យសត្វផឹកជាប្រចាំ ដើម្បីទប់ស្កាត់ជំងឺរាគរូស។
៤-នៅពេលទឹកស្រកទៅវិញ កុំឲ្យសត្វស៊ីស្មៅដែលលិចទឹក ឬ ស្មៅដែលទើបនឹងដុះថ្មីឲ្យសោះ ព្រោះវាអាចស៊ីដោយពពួកវីរុស បាក់តេរី និងពពួកប៉ារ៉ាស៊ីត ដែលហូរមកតាមទឹក បណ្ដាលឲ្យសត្វងាយរងជំងឺ។
សូមជម្រាបថា ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ផ្តមចុះបាញ់ថ្នាំសម្លាប់មេរោគនិងចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី នៅតាមទីទួល សុវត្ថិភាព ដោយមិនគិតថ្លៃសេវាអ្វីទាំងអស់។
ហេតុនេះ សូមអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលនិងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានសត្វគោ ក្របីនៅតាមទីទួលសុវត្ថិភាព សហការជាមួយមន្ត្រីជំនាញនិងនាំសត្វមកទទួលសេវាចាក់ថ្នាំបង្កានេះកុំបីខាន។