ពិធីប្រគល់ ទទួលសម្ភារឡជីវឧស្ម័ន ចំនួន ១ ៥០០ឡ និងមធ្យោបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ខេត្តត្បូងឃ្មុំ ទទួលបានចំនួន ៣០០ឡ សម្រាប់ផ្តល់ជូនប្រជាកសិករ តំឡើងតាមលំនៅដ្ឋាន។
ឡជីវឧស្ម័ន ជាប្រព័ន្ធបំលែងថាមពលកកើតឡើងវិញ ដោយប្រើកាកសំណល់លាមកសត្វដូចជា គោ ជ្រូក ហើយបំលែងចេញមកវិញនូវ ជីលាមកសត្វដែលមិនមានបន្សល់មេរោគ ឬ កត្តាចង្រៃផ្សេងៗ ដែលមានគុណភាពល្អប្រសើរសម្រាប់ជាជីដំណាំគ្រប់ប្រភេទ ជាធាតុផ្សំចំណីសត្វនិងត្រី ផ្តល់ជាឧស្ម័នចំហេះ សម្រាប់ដាំបាយ ចម្អិនអាហារផ្សេងៗ ដែលរួមចំណែកកាត់បន្ថយចំណាយក្នុងគ្រួសារ បង្កើនគុណភាព សុវត្ថិភាពកសិផល និងរក្សាលំនឹងបរិស្ថាន។
ឡប្រភេទនេះ ធ្វើពីប្លាស្ទិក មានចំណុះ ៨ម៉ែត្រត្រីគុណ ដែលនៅដំណាក់កាលតំឡើងដំបូងត្រូវប្រើលាមកសត្វ ៣តោន។