សម្បទានិកទទួលបានការចែករំលែកនូវធន់ធាន ពូជ សម្ភារ និងការផ្តល់បច្ចេកទេសកសិកម្ម
ចេញ​ផ្សាយ ០៥ កញ្ញា ២០១៩
261

នៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៩  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានចាត់មន្ត្រីជំនាញចំនួន៣រូប រួមមាន៖ លោក ហន អឿន លោក ធីម ធួក និងលោក សំរិត វុទ្ធថា ចុះទៅពិនិត្យការរៀបចំទីតាំងបង្ហាញការចិញ្ចឹមមាន់ និងដាំដុះដំណាំបន្លែ របស់សម្បទានិក នៃគម្រោងស្ថិតនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។  

ការធ្វើបង្ហាញចិញ្ចឹមមាន់ និងដាំដុះដំណាំបន្លែ គឺជាសកម្មភាពមួយដ៏សំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងពីការចិញ្ចឹមសត្វនិងដាំបន្លែក្នុងចំណោមសម្បទានិករបស់គម្រោង តាមរយៈការគាំទ្របច្ចេកទេស សម្ភារៈ និងពូជមាន់ ពូជបន្លែ ដើម្បីឱ្យសម្បទានិកដែលស្ម័គ្រចិត្តក្នុងការទទួលយកការធ្វើបង្ហាញនេះមានចំណេះដឹងគ្រប់គ្រាន់ និងអាចផ្ទេរនូវចំណេះដឹងនេះបន្តទៅសម្បទានិកដទៃទៀតដែលមានបំណងចិញ្ចឹមមាន់និងដាំបន្លែដូចពួកគាត់ដែរ។ នៅក្នុងឱកាសនោះ មន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកនូវពូជមាន់ចំនួន៦០ក្បាល ទៅចែកជូនសម្បទានិកដែលទទួលការធ្វើបង្ហាញចំនួនមួយគ្រួសារ។ 

លើសពីនោះ មន្ត្រីជំនាញក៏បានចុះពិនិត្យការចិញ្ចឹមមាន់សាច់ និងការដាំដុះដំនាំបន្លែរបស់សម្បទានិក ក្នុងគម្រោង ដើម្បីជួយពិនិត្យ និងផ្តល់ការណែនាំបន្ថែមអំពីបច្ចេកទេសកសិកម្មក្នុងការដាំដំណាំ និងការចិញ្ចឹមសត្វ ដែលសមស្របទៅនឹងការប្រែប្រួលអកាសធាតុ។ ជាមួយគ្នានោះដែរ មន្ត្រីជំនាញបានបន្តចុះពិនិត្យការដាំដុះដំណាំដំឡូងមីបង្ហាញពីបច្ចេកទេសប្រើប្រាស់ជី ចំនួន៤គ្រួសារ និងការដាំដុះដំណាំស្វាយចន្ទីបង្ហាញចំនួន២គ្រួសារដែលជាសម្បទានិក ដើម្បីធ្វើការផ្សព្វផ្សាយបច្ចកទេសបន្ត និងការបង្កើនទិន្នផលដំណាំដំឡូងមី និងដំណាំស្វាយចន្ទីជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter