រសៀលថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដាំដុះដំណាំត្រសក់ចំណារនិងអំពៅ របស់កសិករ ធឿន យឿន នៅភូមិតាហៀវលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលដាំលើផ្ទៃដី ២០អារ។ តាមការរៀបរាប់របស់កសិករខាងលើថា បច្ចុប្បន្ន គាត់មានដី ២កន្លែងសម្រាប់ដាំដុះបន្លែ និងដំណាំអំពៅ ដោយធ្វើការដាំឆ្លាស់គ្នា បន្ទាប់ពីប្រមូលផលអំពៅរួចហើយ គាត់បានប្តូរមកដាំដុះបន្លែនៅលើដីនោះវិញម្តង មានដូចជា ត្រសក់ចំណា ស្ពៃចង្កឹះ និងសណ្តែកកួរ។ ការដាំដុះដំណាំត្រសក់នេះ ប្រើប្រាស់ជីទៅតាមដំណាក់កាលលូតលាស់របស់ដំណាំដែលមន្ត្រីជំនាញបានណែនាំ និងប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតចង្រៃ ពេលដំណាំអាយុបាន ១ទៅ២សប្តាហ៍ដំបូង
និងជិតចេញផ្កា។
ក្នុងឱកាសនោះលោកប្រធានមន្ទីរ បានកោតសរសើរនិងលើកទឹកចិត្ត ចំពោះកសិករ ធឿន យឿន ដែលបានអនុវត្តនូវបច្ចេកទេសកសិកម្មថ្មី ការផ្លាស់ប្តូរដីសម្រាប់ដាំដុះ និងការប្រើទុយោសាច ដែលសន្សំសំចៃទឹក ហើយបានផ្តល់ការតម្រង់ទិសបន្ថែមដល់កសិករ ដូចជា៖
១-ណែនាំកសិករពីការគ្រប់កៅស៊ូប្លាស្ទិច ដើម្បីងាយស្រួលក្នុងការគ្រប់ គ្រងស្មៅចង្រៃ និងការ ប្រើប្រាស់ប្រព័ន្ធស្រោច
ស្រពដំណក់ទឹក ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់កសិករ និងកាត់បន្ថយលើការប្រើប្រាស់ កំលាំងពលកម្មច្រើន ជាពិសេសកាត់បន្ថយកាប្រើប្រាស់ទឹកខ្ជះខ្ជាយ។
២-ត្រូវធ្វើការកាត់ខ្នែងដែលបែកចេញពីដើម ក្នុងកម្រិត កម្ពស់ពីដីយ៉ាងហោច៣០សមចេញ និងកាត់ស្លឹក ចាស់ៗចោល ដើម្បីឲ្យដំណាំទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ខ្យល់ចេញចូលផ្នែកគល់បានល្អ និងបំផ្លាញជម្រករបស់ពពួកកត្តាចង្រៃ។ ខ្នែងនិងស្លឹកនេះ ប្រមូល ចោលឲ្យឆ្ងាយពីចម្ការ ចៀសវាងរលួយ បង្កជាផ្សិត។
៣-ការប្រើប្រាស់ជី និងថ្នាំពុលកសិកម្មទៅតាមបទដ្ឋានបច្ចេកទេស។ ត្រូវធ្វើជីធម្មជាតិនិងថ្នាំពុលដែលផ្សំពីរុក្ខជាតិ កាត់បន្ថយថ្លៃដើមលើការទិញធាតុចូល។ ជាពិសេសការធ្វើឡជីវឧស្ម័ន ដែលផ្តល់នូវជីធម្មជាតិដ៏ល្អ។
៤-ត្រូវមានផែនការដាំដុះ ជាមួយក្រុមផលិត នូវផលិតផលដែលមានស្តង់ដារសុវត្ថិភាព និងមានស្លាកសញ្ញាបញ្ជាក់ពីគុណភាពបន្លែសុវត្ថិភាព(GAP) ដែលមានតម្រូវការទីផ្សារខ្ពស់។
បន្ទាប់មកលោកប្រធាំនមន្ទីរបានណែនាំឲ្យមន្ត្រីជំនាញបន្តចុះជួយផ្តល់បច្ចេកទេសដល់កសិករជាប្រចាំ និងរកឈ្មួញសម្រាប់ទិញបន្លែរបស់កសិករ ហើយត្រូវរៀបចំស្តង់មួយកន្លែងនៅផ្សារស្ទឹង សម្រាប់លក់បន្លែសុវត្ថិភាពដែលមានស្លាកសញ្ញា(GAP)។