ឃុំព្រះធាតុ និងឃុំទួលសុភី ជាឃុំដែលមានការដាំដុះដំណាំរំដេងច្រើនជាងគេនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានកសិករជាច្រើនគ្រួសារបានធ្វើការដាំដុះដំណាំរំដេង បន្ទាប់ពីដំណាំស្រូវ លើផ្ទៃដីប្រមាណ៧០ហិកតា។
រំដេង (ឈ្មោះជាវិទ្យាសាស្ត្រគឺ Alpinia galanga) ជារុក្ខជាតិប្រទាលមួយប្រភេទមើមមានក្លិនឆួល ហើយដែលគេស្គាល់ជាទូទៅ គេយកវាមកប្រើជាគ្រឿងក្នុងម្ហូបអាហារ ក្រៅពីប្រើដើម្បីកាត់ក្លិនឆ្អាប និងបង្កើនរសជាតិក្នុងម្ហូប រុក្ខជាតិនេះ នៅមានប្រយោជន៍ក្នុងការប្រើជាឱសថផង។ ឧទាហរណ៍ គេយកមើមរំដេងមកហាន់ឲ្យស្តើងៗហើយហាលឲ្យស្ងួត រួចកិនឲ្យម៉ត់ជាម្សៅសម្រាប់ឆុងជាមួយទឹកក្តៅផឹក ជួយបំបាត់គ្រុនផ្តាសាយបានទៀតផង.. ល។ ក្រៅពីនេះគេអាចយកមើមរំដេងស្រស់បុកត្រាំជាមួយស្រាស ប្រើជាថ្នាំលាបបំបាត់ជំងឺសើស្បែកម្យ៉ាងហៅថា «ភ្លឺ» បានដែរ។
រំដេងងាយដាំដុះណាស់ គេគ្រាន់តែយក(មើម ឫដើមដែលភ្ជាប់ជាមួយភ្នែករបស់វា)ទៅកប់ដីចោលក្នុងជំរៅរាក់ល្មម ដោយពុំចាំបាច់ថែទាំហត់នឿយអ្វីឡើយ ទោះបីក្នុងម្លប់មិនត្រូវថ្ងៃសោះ ក៏រុក្ខជាតិនេះអាចដុះលូតលាស់បានដែរ នៅរដូវវស្សាពេលដែលភ្លៀងធ្លាក់ជោគជាំ រំដេងចាប់ផ្តើមដុះបែកគុម្ពច្រើនសន្ធឹកសន្ធាប់ពាសវាល បើមើលទៅសមតែហៅថាព្រៃរំដេងដូច្នោះមែន រំដេងមានពីរប្រភេទ គឺរំដេងដែលគេឯងស្គាល់ទូទៅ ហើយច្រើនដាំដុះនៅតាមផ្ទះសម្បែងជាលក្ខណៈគ្រួសារតិចតួច ឬដាំជាចម្ការធំៗសម្រាប់លក់ដូរនៅទីផ្សារ គឺជាប្រភេទ «រំដេងស្រុក» ឯមួយប្រភេទទៀតដែលដុះឯកឯងនៅតាមព្រៃភ្នំជាដើមនោះ ហៅថា «រំដេងព្រៃ» ប៉ុន្តែក៏មានអ្នកខ្លះទៀតយករំដេងព្រៃមកដាំនៅតាមភូមិផ្ទះដែរ។ បើយកដើមទាំងពីរមកផ្ទឹមគ្នា ឃើញថារំដេងស្រុកមានដើម, មើម និងស្លឹកធំ ហើយមានក្លិនឆួលហាងជាងរំដេងព្រៃ។
-ការដាំដុះ
ត្រូវធ្វើការភ្ជួរ រាស់ដីឲ្យបាន១ទៅ២ដង ដើម្បីសំលាប់ស្មៅ និងធ្វើឲ្យដីម៉ដ្ឋល្អ រួចហើយកាប់រណ្តៅ ចន្លោះគុម្ព១ម និងចន្លោះរង១ម ដូចគ្នា ចំពោះប្រវែងរង អាចធ្វើទៅតាមសណ្ឋានភាពដី វែង ឫខ្លី ដោយក្នុង១គុម្ពយើងដាំ២ទៅ៣ដើម។ ការដាំដុះគួរធ្វើនៅដើមរដូវវស្សា (ពីខែមេសា រឺឧសភា) ពេលមានភ្លៀងធ្លាក់អាចដាំបាន។
-ការថែទាំ
បន្ទាប់ពីដាំដុះបាន១ខែ យើងត្រូវធ្វើការសម្អាតស្មៅតាមចន្លោះគុម្ព និងដាក់ជីបំប៉ន ២ទៅ៣ដង រហូតដល់ពេលប្រមូលផល ក្នុងនោះត្រូវធ្វើការស្រោច ទឹកបើមិនមានភ្លៀងធ្លាក់ច្រើនថ្ងៃ។
-ការប្រមូលផល
រំដេងបន្ទាប់ពីដាំដុះបាន៩ទៅ១២ខែ យើងអាចធ្វើការប្រមូលផលបានហើយ ដោយធ្វើការគាស់ចេញពីដី រួចយកទៅសម្អាត លាងទឹកឱ្យស្អាត និងទុកឲ្យស្ងួត រួចយើងច្រកថង់ដើម្បីយកទៅលក់នៅលើទីផ្សារ។