លោកប្រធានមន្ទីរចុះពិនិត្យស្ថានភាពបង្កបង្កើនផលដំណាំស្រូវនិងការស្តារឡើងវិញដំណាំស្រូវ បន្ទាប់ពីរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
ចេញ​ផ្សាយ ២០ សីហា ២០១៩
133

វស្សាដល់ហើយ ម្តេចឡើយមិនភ្លៀង ស្រែស្រូវស្វិតក្រៀម ត្រៀមស្តារឡើងវិញ

រសៀលថ្ងៃសៅរ៍ ២រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញសហការជាមួយលោកមេឃុំអញ្ជើញ មេភូមិនាម៉ឺនខឹង ស្រុកត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពបង្កបង្កើនផលដំណាំស្រូវនិងការស្តារឡើងវិញដំណាំស្រូវ បន្ទាប់ពីរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតកាលពីខែកក្កដាកន្លងមក។ ឆ្លើយតបគ្រោះធម្មជាតិនេះ ប្រព័ន្ធស្បៀងបំរុង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអន្តរាគម៍ផ្តល់ស្រូវពូជ ៤៨,៩៥តោន ជូនដល់ជនរងគ្រោះ ៧៨០គ្រួសារ ដែលមានផ្ទៃដីខូចខាត ៣២៣ហិកតា ដែលប្រគល់ផ្ទាល់ដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដោយសារនៅដើមខែសីហានេះ ភ្លៀងបានបង្អុរធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យប្រជាកសិករព្រោះស្រូវស្តារឡើងវិញទើបបាន ១០០ហិកតាប៉ុណ្ណោះ ហើយសល់ប្រមាណ ២២៣ហិកតា ទៀត ទាមទារត្រូវរៀបចំថ្នាលសំណាប ដើម្បីសាបនិងដក យកទៅស្ទូង នាចុងខែសីហា និង ដើមខែកញ្ញាខាងមុខនេះ។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានផ្តាំផ្ញើដល់លោកមេឃុំ មេភូមិ ប្រជាកសិករ ត្រូវឧស្សាហ៍ចុះពិនិត្យថ្នាលសំណាប ចៀសវាងរលួយខូចដោយសារទឹកភ្លៀងជន់លិច និងកុំទុក សំណាបឲ្យចាស់ដើមខ្លាំងពេក។

បន្ទាប់មក លោកប្រធានមន្ទីរនិងមន្ត្រីជំនាញ បានបន្តចុះពិនិត្យស្ថានភាពប្រឡាយនិងអាងស្តុកទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ នៅភូមិពោធ៍រោង ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ដែលប្រើប្រាស់ប្រភពទឹកពីទក្សិណវត្តព្រៃនគរ ហៅវត្តអង្គរក្នុង(វត្តហ្លួងព្រះ ស្តេចកន)។ ចំពោះមុខនេះ មានបញ្ហាសន្ទះទ្វារទឹក មានការខូចខាត ហើយប្រជាកសិករសំណូមពរជួយជួសជុល ឡើងវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter