នៅរសៀលថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបន្តចុះជួបមេឃុំបឹងព្រួល ឃុំកំពង់ទ្រាស និងប្រធានការិយាល័យកសិកម្មស្រុកក្រូចឆ្មារដើម្បីក្តាប់ពីស្ថានភាពដំណាំដែលត្រូវប្រឈមនឹងជំនន់ទឹកទន្លេមេគង្គ។
តាមការរៀបរាប់ពីមន្ត្រីទាំង ៣រូបក្នុងភូមិសាស្ត្រនេះ ដំណាំភាគច្រើនជាដំណាំពោតក្រហម(ចំណីសត្វ) និងស្រូវវស្សា។
លោកប្រធានការិយាល័យកសិកម្មស្រុក បាននិយាយថាភូមិសាស្ត្រស្រុកក្រូចឆ្មារ អាចប្រឈមជំនន់លុះណាទឹកទន្លេមេគង្គនៅស្ថានីយ៍កំពង់ចាមមានកម្ពស់ ១២ម តែពេលនេះកម្ពស់ទឹកទើបមាន ៨,៤៤ម នៅឡើយ។ ផ្ទុយទៅវិញប្រជាកសិករ មានការព្រួយបារម្មណ៍ទឹកទន្លេមេគង្គទាប មិនអាចពន្លិចវាលទំនាបនាំដីល្បាប់ ជីជាតិដីសម្រាប់ដំណាំឆ្នាំក្រោយ។
តាមការសាកសួរនិងចុះពិនិត្យជាក់ស្តែង អាចសន្និដ្ឋានបានថា ទោះបីទឹកជំនន់ទន្លេមេគង្គឡើងដល់កម្រិត ១២ម ក៏មិនបណ្តាលឲ្យខូចខាតដំណាំនោះដែរ។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរក៏បានពិនិត្យកូនសណ្តាន់ដែលបណ្តុះសម្រាប់ដាំនារដូវទឹកសម្រកខាងមុខផងដែរ។