ឆៃថាវ ជាដំណាំយកមើម វាមិនត្រូវការដីដែលជាំទឹកនិងដីដែលស្ងួតខ្លាំងពេកទេ តែវាត្រូវការដីដែលមានជាតិមមោកច្រើននៅពេលដាំដុះ
ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៩ ដដែលនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមដំណើរដោយលោកមេឃុំកំពាន់ លោកប្រធានការិយាកសិកម្មស្រុកមេមត់ និងមន្ត្រីជំនាញ បានចុះពិនិត្យការដាំ ដុះដំណាំរបស់កសិករ តាក់ ណោ ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ដែលដាំដំណាំបន្លែ លើផ្ទៃដី ២០ហិកតា និងប្រើប្រាស់កម្លាំងពលកម្ម ១២នាក់ រួមមានដំណាំឆៃថាវ ឪឡឹក ល្ពៅ ដោយធ្វើការដាំវិលជុំ ម្តង ៤ហិកតា(ដំណាំឆៃថាវ) ដោយប្រើប្រព័ន្ធទុយោសាច។ ពូ តាក់ ណោ រៀបរាប់ថា ដាំ ដំណាំឆៃថាវ មានអាយុកាល 50 ថ្ងៃ ចំណាយថ្លៃដើមផលិតប្រមាណ ១ ០០០ ដុល្លារ/ហិកតា/វដ្ត ហើយទទួលទិន្នផលប្រមាណ ៣០តោន/ហិកតា លក់បានប្រមាណ ២ ៥០០ដុល្លារ/ហិកតា។
ទន្ទឹមនេះ ក្នុងផលិតកម្មបន្លែនេះ គាត់ជួបបញ្ហាប្រឈមដូចជា ពពួក សត្វល្អិត(ទាគូ ដង្កូវស៊ីស្លឹក) ប្រភពទឹកនៅរដូវប្រាំង និងប្រព័ន្ធស្រោចស្រពចំណាយខ្ពស់។
ក្រោយពីបានសំណេះ សំណាលនិងពិនិត្យជាក់ស្ដែង លោកប្រធានមន្ទីរបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពផលិតរបស់ពូ តាក់ ណោ ដែលអាចដំណើរការផលិតក្នុងទំហំដីយ៉ាងធំបែបនេះ និងបានសំណូមពររក្សាការធ្វើផែនការដាំដុះដែលឆ្លើយតបតម្រូវការទីផ្សារនិងយកចិត្តទុកដាក់គ្រប់គ្រងកាកសំណល់សំបកវេចខ្ចប់ជីនិងថ្នាំកសិកម្មឲ្យបានត្រឹមត្រូវ ធានាដល់សុវត្ថិភាពខ្លួនឯងផង សម្រាប់អ្នកបរិភោគផង និងបរិស្ថានផងដែរ។