ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន2 នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមមាន:
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម
-លោក ហ៊ន់ រី មន្ត្រីការិយាល័យកសិឧស្សាហកម្ម
បានចុះរៀបចំប្រព័ន្ធស្រោចស្រព និងបំពាក់ស្បៃផ្ទះសំណាញ់ជូនកសិករ សី វ៉ាត់ សម្រាប់ដាំដុះដំណាំបន្លែ។ បន្ទាប់ពីនោះទៀត បានចុះតាមដាន ត្រួតពិនិត្យពីការដាំដុះដំណាំបន្លែនៅក្នុងផ្ទះសំណាញ់របស់កសិករ០៣គ្រួសារ ដែលមានកសិករ កូយ ធឿន កសិករ ស៊ុន រុន និងកសិករ កៀន ដន។ ក្នុងនោះផងដែរ មន្រី្តជំនាញបានណែនាំបច្ចេកទេសក្នុងការថែទាំដំណាំបន្លែ ដូចជាការសំអាតស្មៅ ការស្រោចស្រព និងការដាក់ជីជាដើម។ ជាពិសេសជាងនេះទៅទៀត នៅរដូវកាលនេះមានភ្លៀងធ្លាក់ជោគជាំ ពិបាកក្នុងការគ្រប់គ្រងដំណាំបន្លែ មន្រ្តីជំនាញបានណែនាំកសិករអោយលើករង2-3តឹកនៅរដូវវស្សា និងអោយកសិករបង្ហូរទឹកចេញនៅតាមរងដំណាំ ដើម្បីជៀសវាងការរលួយឬស ឬងាប់ ដែលបណ្ដាលមកពីវីរុស បាក់តេរី និងមេរោគផ្សិតជាដើម និងជាមូលហេតុបណ្ដាលអោយពួកគាត់បាត់បង់ទិន្នផល មានការខាតបង់ទាំងពេលវេលា និងថវិកា។