នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមដំណើរដោយលោកអនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានចុះពិនិត្យការចិញ្ចឹមជ្រូករបស់ប្រជាកសិករនៅឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយពិនិត្យឃើញថា ការចិញ្ចឹមរបស់គាត់មិនទាន់ត្រឹមត្រូវតាមបច្ចេកទេសនៅឡើយ ដែលជាបច្ច័យធ្វើឲ្យការចិញ្ចឹមជួបហានិភ័យនិងទទួលបានចំណេញតិច។
ឆ្លើយតបចំណុចខ្វះខាតនេះ លោកប្រធានមន្ទីរបានផ្តល់នូវការតម្រង់ទិសមួយចំនួនដូចខាងក្រោម៖
១. ត្រូវរៀបចំទ្រុងចិញ្ចឹមឆ្ងាយពីលំនៅដ្ឋាន ចៀសវាងការឆ្លងមេរោគពីមនុស្សទៅសត្វនិងពីសត្វទៅមនុស្ស។
២. ទីតាំងទ្រុងត្រូវមានពន្លឺចូលគ្រប់គ្រាន់និងឆ្ងាយពីរណ្តៅទឹកស្អុយដែលជះក្លិនអាម៉ូញាក់ប៉ះពាល់ផ្លូវដង្ហើមរបស់ជ្រូក ធ្វើឲ្យកម្រិតលូត លាស់របស់ជ្រូកយឺត។
៣. ការយកពូជជ្រូកមកចិញ្ចឹម ត្រូវពិនិត្យប្រវត្តិមេបាដែលឆាប់ធំ ផ្តល់សាច់ច្រើន ធន់នឹងជំងឺ គឺត្រូវយកកូនជ្រូកដែលមានសុខភាពល្អ អាយុយ៉ាងតិច ២១ថ្ងៃ ទម្ងន់យ៉ាងតិច ៧គក្រ ហើយបានចាក់វ៉ាក់សាំងការពារជំងឺជាស្រេច។
៤. បរិស្ថានក្នុងទ្រុងនិងជុំវិញទ្រុង ត្រូវស្អាតជានិច្ច ហើយត្រូវធ្វើការបាញ់ថ្នាំនិងបាចកំបោររម្ងាប់មេរោគជាប្រចាំ។
៥. ត្រូវប្រើថ្នាំទម្លាក់សត្វល្អិត និងប្រភេទជំងឺផ្សេងៗទៀតឲ្យបានទៀងទាត់។
៦. ត្រូវផ្តល់ចំណីឲ្យជ្រូកឲ្យបានត្រឹមត្រូវ តាមដំណាក់កាលលូតលាស់របស់ជ្រូក។
៧. ត្រូវរាយការណ៍និងទាក់ទងសុំការណែនាំបច្ចេកទេសជាប្រចាំ មកមន្ត្រីជំនាញនិងភ្នាក់ងារសុខភាពសត្វភូមិតាមទូរស័ព្ទលេខ 097 3333 255, 097 4508 799, 097 7400 077, 088 4159 160។