ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ កញ្ញា ឆោម ស្រីម៉ៅ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងជាមន្រ្តីជនបង្គោលយេនឌ័រ និងកុមារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកមន្រ្តី០៣រូប ចុះបើកវគ្គបណ្តុះបណ្តាលអំពីការអភិវឌ្ឍ និងការការពារកុមារក្នុងវិស័យកសិកម្ម ដែលមានការសហការណ៍ជាមួយលោកអនុប្រធានការិយាល័យកសិកម្មស្រុកតំបែរ ជំទប់ឃុំ កិច្ចការនារីឃុំ មេភូមិ និងកសិករចូលរួមនៅឃុំទឹកជ្រៅ និងឃុំនាងទើត សរុបទាំងអស់៧០នាក់ ក្នុងនោះស្រី៦៤នាក់។
ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើនេះ កសិករទទួលបានចំណេះដឹងដូចខាងក្រោម៖
១.យល់ដឹងពីការចូលរួមរបស់កុមារក្នុងវិស័យកសិកម្ម និងការងារប្រកបដោយគ្រោះថ្នាក់របស់កុមារក្នុងវស័យកសិកម្ម
២.យលដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ម្សៅត្រីសម្រាប់អាររូបត្ថម្ភកុមារ
៣.ចេះធ្វើម្សៅត្រីសម្រាប់អាហាររូបត្ថម្ភកុមារ។
+សម្រាប់បងប្អូនដែលមិនយល់ដឹងពីម្សៅត្រី សូមអាន ៣ចំណុច ខាងក្រោមនេះ៖
ក. មូលហេតុ និងអត្ថប្រយោជន៍នៃការធ្វើម្សៅត្រី
-ពិបាករកត្រីបានពេញមួយឆ្នាំ ហើយកុមារតូចមិនគួរញ៉ាំប្រហុក
-ត្រីមានឆ្អឹង ពិបាកឱ្យកុមារញ៉ាំ
-ម្សៅត្រីល្អិតសម្បូរកាល់ស្បូម (Cal) ជួយឱ្យកុមារលូតលាស់បានល្អ
-ជួយធ្វើឱ្យអាហារសម្បូរសារធាតុចិញ្ចឹម ពេញមួយឆ្នាំ
-កសិករអាចធ្វើបាន សម្រាប់គ្រួសារឬសម្រាប់លក់។
ខ. វិធីធ្វើម្សៅត្រី
-ធ្វើត្រីឱ្យស្អាត
-លាងត្រីដោយប្រើទឹកអំបិល រួចលាងជំរះដោយទឹកស្អាត
-ហាលត្រីឱ្យស្រស់ទឹក (១៥-៣០នាទី)
-លីងត្រីឱ្យស្រួយ ដោយភ្លើងល្មមៗ (បើដាក់ខ្លាញ់ត្រូវលីងរហូតដល់ត្រីស្ងួត)
-រែងឬសម្អាតកំទេចខ្លោចល្អិតៗចេញ
-ទុកត្រីឱ្យត្រជាក់ ហើយបុកឱ្យម៉ដ្ឋដូចម្សៅ
-ច្រកម្សៅត្រីក្នុងក្រឡឬកែវបិទជិត។
គ.វិធីប្រើ
-យកម្សៅត្រីនោះបន្តិចលាយជាមួយបបរឬបាយ ឬដាក់ក្នុងសម្ល (បើមានបន្លែគឺកាន់តែល្អ)។