កសិករ បានងាកមកប្រើប្រព័ន្ធគ្រប់គ្រងស្មៅចង្រៃ និងប្រព័ន្ធស្រោចស្រពជាបណ្តើរហើយ
ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី រួមដំណើរជាមួយលោកស្រី ស៊ិន សោភ័ណ អគ្គនាយិការងនៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយិកា គម្រោងជំរុញផលិតកម្មស្បៀង ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅសហគមន៍កសិកម្មសាមគ្កី កក់ និងកសិក ដាំបន្លែនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក និងឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម ៖
១- មុខរបរដែលសហគមន៍កសិកម្មកំពុងអនុវត្តលើផ្នែកផលិតកម្មដំណាំស្រូវ ការផ្គត់ផ្គង់ពូជស្រូវ ការលក់ស្រូវចំណី និងពូជទៅកាន់ទីផ្សារ
២-ការផលិតបន្លែតាមគ្រួសារ និងដំណើរការផលិតជាក្រុម
៣-ប្រភេទនិងទំហំផលិតកម្មបន្លែប្រចាំថ្ងៃ និងប្រចាំខែ
៤-ការលក់បន្លែរបស់កសិករ ទីផ្សារ និងតម្លៃ
៥-ប្រាក់ចំណូល ចំណាយ និងចំណេញ ដែលកសិករទទួលបានមុនគម្រោងនិងក្រោយចូលគម្រោង
៦-ការប្រើប្រាស់ធនធាន សម្ភារ ថវិកា និងការគាំទ្រផ្សេងៗទៀតពីគម្រោង។