នៅរសៀលថ្ងៃសៅរ៍ ១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ លោកអភិបាលស្រុកត្បូងឃ្មុំ បានអញ្ជើញចុះ ពិនិត្យស្ថានភាពដំណាំស្រូវរដូវវស្សា ដែលរងការខូចខាតដោយគ្រោះរាំងស្ងួតនាពេលកន្លងមក នៅឃុំអញ្ចើម និងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នៅចំពោះមុខប្រជាកសិករដែលរងគ្រោះស្រូវខូចខាតប្រមាណ ៦០០នាក់ ក្នុងឃុំទាំង២ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការសោកស្តាយនិងចូលរួមរំលែកការលំបាកដែលបងប្អូនជួបប្រទះនៅពេលនេះ ហើយក៏បានពាំនាំនូវការសួរសុខទុក្ខនិងក្តីកង្វល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខូចខាតស្រូវនៅពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាកនេះ សម្តេចតេជោ បានសម្រេចផ្តល់ពូជស្រូវ អន្តរាគមន៍បន្ទាន់សម្រាប់ចែកជូនដល់គ្រួសារកសិករដែលរងគ្រោះ ដូចជានៅពេលនេះ ពូជស្រូវផ្ការំដួល ៦៨ ២៥០ គ.ក្រ ត្រូវបាននាំយកមកចែកជូនគ្រួសារកសិកររងគ្រោះ ១ ០១៧គ្រួសារ លើផ្ទៃដី ៤៦៧ហិកតា ដោយទទួលបាន ទៅតាមទំហំដីដែលរងខូចខាត។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រជាកសិករដែលទទួលបានពូជនេះ ត្រូវយកទៅដាំដុះឲ្យបាន ត្រឹមត្រូវតាមបច្ចេកទេសរៀបចំដី ដាក់ជី ថែទាំ បោចស្មៅចង្រៃ ទប់ស្កាត់សត្វល្អិតចង្រៃឲ្យបានជាប្រចាំ និងសូមឲ្យទទួលបានទិន្នផលខ្ពស់គ្រប់ៗគ្នា។
សូមជម្រាបថា ស្រូវដែលរងខូចខាតនាពេលនេះ ជាប្រភេទស្រូវស្រាល(ស្រូវបង្កើនរដូវ) ដែលត្រូវដល់ដំណាក់កាល កកួរ តែដោយជួបគ្រោះរាំងស្ងួត ក៏បណ្តាលឲ្យស្មៅមានឱកាសជាងស្រូវ វាយលុកមិនឲ្យស្រូវលូតលាស់បាន។ គិតត្រឹមថ្ងៃសៅរ៍ ១១រោច ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាសម្រេចបាន៖
ក.ការងារភ្ជួររាស់បានចំនួន ៦៨ ៣៧៥ហិកតា ស្មើនឹង ៨៧.១៧% នៃផែនការដាំដុះ ៧៨ ៤៤០ហិកតា។
ខ.ការងារដាំដុះស្រូវរដូវវស្សាសម្រេចបានចំនួន ៦៣ ៨១០ ហិកតា (សន្ទូង ៨៥ហិកតា) ស្មើនឹង ៨១.៣៥% នៃផែនការដាំដុះ ៧៨ ៤៤០ហិកតា ស្មើនឹង ៩៣.៣២% នៃផ្ទៃដីបានភ្ជួររាស់ ក្នុងនោះ ៖
-ស្រូវស្រាលសម្រេចបានចំនួន ៦ ៣៨០ហិកតា ស្មើនឹង ៥៩.២៧% នៃផែនការចំនួន ១០ ៧៦៥ហិកតា។
-ស្រូវកណ្តាលសម្រេចបានចំនួន ៣០ ៧៨៥ហិកតា (សន្ទូង ៤០ហិកតា) ស្មើនឹង ៨៨.៩១% នៃផែនការចំនួន ៣៤ ៦២៥ហិកតា។
-ស្រូវធ្ងន់សម្រេចបានចំនួន ២៦ ៦៤៥ហិកតា (សន្ទូង ៥៥ហិកតា) ស្មើនឹង៨០.៦២% នៃផែនការចំនួន ៣៣ ០៥០ ហិកតា ។