ដើម្បីដាំដំណាំស្រសក់ចំណារទទួលបានជោគជ័យ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានផ្តល់ការតម្រង់ទិស៣ចំណុចសំខាន់ៗ
ចេញ​ផ្សាយ ២៣ កក្កដា ២០១៩
355

រសៀលថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ  បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពដាំដុះ ដំណាំត្រសក់ចំណាររបស់កសិករឈ្មោះ ភីន ភៀន ដែលដាំត្រសក់ចំណារលើផ្ទៃដី២០អារ ជាកសិករដែលមានបទពិសោធន៍ក្នុងផលិតកម្មដំណាំត្រសក់ និងកសិករឈ្មោះ ញ៉ គា ដែលបានកំពុងរៀបចំក្រាលកៅស៊ូត្រៀមដាំដំណាំ ត្រសក់ចំណារ លើផ្ទៃដី ៣០អារ នៅក្នុងភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះលោកប្រធានមន្ទីរ បានសំដែងនូវការកោតសរសើរនិងលើកទឹកចិត្តចំពោះកសិករទាំង ២នាក់ ដែលបានអនុវត្តនូវបច្ចេកទេសកសិកម្មថ្មី ដូចជា ក្រាលកៅស៊ូប្លាស្ទិច ដែល មិនអាចឲ្យស្មៅចង្រៃដុះបាន រក្សាសំណើមដី ប្រើកម្លាំងពលកម្មតិច និងការប្រើទុយោសាច ដែលសន្សំសំចៃទឹក។

ក្នុងពេលចុះពិនិត្យស្ថានភាពនោះ លោកប្រធានមន្ទីរបានផ្តល់ការតម្រង់ទិសបន្ថែមដល់កសិករដូចជា៖
១-ត្រូវធ្វើការកាត់ខ្នែងដែលបែកចេញពីដើមក្នុងកម្រិតកម្ពស់ពីដីយ៉ាងហោច ៣០សង់​ទី​ម៉ែ​តចេញ និងកាត់ស្លឹកចាស់ៗចោល ដើម្បីឲ្យដំណាំទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ខ្យល់ចេញចូលផ្នែកគល់បានគ្រប់គ្រាន់ និងបំផ្លាញជម្រករបស់ពពួកកត្តាចង្រៃ
២-ការប្រើប្រាស់ជីនិងថ្នាំពុលកសិកម្មទៅតាមបទដ្ឋានបច្ចេកទេស (បើអាចសូមធ្វើជីធម្មជាតិ និងថ្នាំពុល ដែលផ្សំពីរុក្ខជាតិ កាត់បន្ថយថ្លៃដើមលើធាតុចូល)។
៣-ត្រូវមានផែនការដាំដុះជាមួយសមាជិកសហគមន៍ ផលិតនូវផលិតផលដែលមានស្តង់ដារសុវត្ថិភាព និងមានស្លាកសញ្ញាបញ្ជាក់ពីគុណភាពបន្លែសុវត្ថិភាព (GAP) ដែលមានតម្រូវការទីផ្សារខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter