ថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យការប្រមូលផលពោតរបស់កសិករដាំពោតនៅភូមិជីរោទ៍ទី១ ឃុំជីរោទ៍ ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
-លោកពូ អ៊ូ រ៉ាន់ ជាកសិករដាំពោត ដែលបានដាំពូជពោត BNT-5666 រយៈពេល២ឆ្នាំមកហើយ បានរៀបរាប់ថា ពូជពោតBNT-5666នេះ ជាពូជហៃប្រីដ បានបង្កាត់ដោយមន្ត្រីជំនាញនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
លក្ខណៈពិសេសនៃពូជពោតBNT-5666នេះ មាន៖
១-ធន់នឹងជំងឺ
២-ធន់នឹងកម្ដៅ (គ្រាប់ពូជ ដែលដាំអាចធន់នឹងកម្តៅ រយៈពេលរហូតដល់១៦ថ្ងៃ ក្នុងដី បើមិនមានភ្លៀង ធ្លាក់នោះទេ)
៣-អាយុកាលពី ៩០-១០៥ថ្ងៃ ដែលដាំបាន ២ដងក្នុងមួយឆ្នាំ
៤-គ្រាប់ធំ ដែលទិន្នផលខ្ពស់ជាមធ្យម ៩តោន/ហិកតា (គ្រាប់សើម គ្មានស្នូល) បើធៀបទៅនឹងពូជផ្សេងៗទៀត ដែលពួកគាត់ធ្លាប់ដាំកន្លងមកបានត្រឹមតែ៥-៦,៥តោន/ហិកតា
៥-ពូជនេះ ផ្តល់ផ្លែតែមួយ/ដើម តែវាបានផ្តល់ស្នៀតមួយ ទៀតដែលកសិករអាចកាប់លក់បានជាមធ្យម ៥០០ ០០០រៀល/ហិកតា អាចកាត់បន្ថយចំណាយ ថ្លៃដើមបានមួយចំនួន
៦-ភាគរយគ្រាប់ក្នុង១ផ្លែមាន៨២%(ទម្ងន់គ្រាប់/ផ្លែ)។
លោកពូ អ៊ូ រ៉ាន់ បានរៀបរាប់ទៀតថា ឆ្នាំនេះតម្លៃពោតគិតត្រឹមខែកក្កដានេះ លក់បាន ៨៣០រៀល/គក្រ ដែលឆ្នាំមុនលក់បានត្រឹមតែ ៧៥០រៀល។ ទីផ្សារមិនមានជាបញ្ហានោះទេ ឈ្មួញទិញដូចពូជពោតឯទៀតដែរ។ ឆ្នាំនេះកសិករចូលរួមដាំពូជពោតនេះកើនដល់ចំនួន ៥០គ្រួសារ លើផ្ទៃដីប្រមាណ ៧០ហិកតា។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានមន្ទីរបានកោតសរសើរដល់បងប្អូន ប្រជាកសិករទាំងអស់ ដែលបានសាកល្បងឆ្នាំទី២ ក្នុងការដាំពូជពោតនេះ ហើយទទួលបានលទ្ធផលល្អប្រសើរ។ តាមរយៈលទ្ធផលនេះ ពិតជាអាចបន្តផ្សព្វផ្សាយដល់កសិករដ៏ទៃទៀតក្នុងការយកពូជពោតនេះទៅដាំដែរ។
លោកប្រធានមន្ទីរក៏បានលើកឡើងនូវការតម្រង់ទិសមួយចំនួនដល់បងប្អូនប្រជាកសិករដូចតទៅ៖
១-ត្រូវរៀបចំដី សម្លាប់មេរោគក្នុងដី ឲ្យបានល្អ។
២-ការដាំដុះត្រូវស្របតាមបទដ្ឋានបច្ចេកទេស ត្រូវប្រើឧបករណ៍សម្ភារៈជំនួសកម្លាំងពលកម្មមនុស្សឲ្យបានច្រើន ដែលអាចកាត់បន្ថយថ្លៃដើមផលិតនិងពេលវេលា
៣-ត្រូវមានការថែទាំជាប្រចាំ ដាក់ជី និងរៀបចំប្រព័ន្ធស្រោចស្រពដែលសន្សំសំចៃទឹក ចៀសវាងប្រឈម បញ្ហាខ្វះខាតទឹក
៤-ត្រូវធ្វើការកែច្នៃបឋម (បច្ចេកទេសគ្រប់គ្រងក្រោយ ពេលប្រមូលផល) ដើម្បីបង្កើនតម្លៃកសិផល និងបង្កើតកាងារដល់កសិករ
៥-ត្រូវចងក្រងជាសហគមន៍កសិកម្ម ដើម្បីប្រមូលផ្តុំផលិតកម្ម ផលិតតាមស្តង់ដារតម្រូវការរបស់ទីផ្សារ ពង្រីកទំហំពាណិជ្ជកម្ម ពង្រីកអំណាចចចារទីផ្សារ ការពារតម្លៃកសិផល។
+រសៀលថ្ងៃដដែល លោកប្រធានមន្ទីរបានបន្តចុះពិនិត្យ និងណែនាំពីបច្ចេកទេសដាំដុះដំណាំបន្លែដល់កសិករនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ។ លោកប្រធានមន្ទីរបានផ្តល់ជាគំនិតដល់ក្រុមកសិករ៖
-ត្រូវចងក្រងជាសហគមន៍កសិកម្ម មានផែនការដាំដុះ ដាំមានស្តង់ដារសុវត្ថិភាពច្បាស់លាស់ ដាំបន្លែដែលមានតម្រូវការទីផ្សារខ្ពស់
-ពង្រាបដីអោយបានស្មើរល្អ និងប្រើប្រព័ន្ធដាំដុះនិងប្រព័ន្ធស្រោចស្រពតាមបទដ្ឋានបច្ចកទេសកសិកម្មថ្មី
-ប្រកាន់ខ្ជាប់ការប្រើជីនិងថ្នាំទប់ស្កាត់កត្តាចង្រៃ តាមបទដ្ឋានបច្ចេកទេស
-ត្រូវព្យាយាមបង្កើតស្លាកសញ្ញាសម្គាល់សម្រាប់ផលិតផល
-ត្រូវផ្សារភ្ជាប់ជាមួយទីផ្សារ តាមផលិតកម្មកសិកម្មតាមកិច្ចសន្យា។